ព័ត៌មានទាន់ហេតុការណ៍៖

ស្អែកនេះ! កងពលតូចលេខ៧០ នឹងធ្វើព្យុហយាត្រា ដើម្បីប្រារព្ធខួបលើកទី៣០ឆ្នាំ នៃការបង្កើតកងពល (១៥ តុលា ១៩៩៤ – ១៥ តុលា ឆ្នាំ ២០២៤)

ចែករំលែក៖

ភ្នំពេញ​៖​ ស្អែកនេះ​គឺជាថ្ងៃខួបលើកទី៣០ឆ្នាំ នៃការបង្កើតកងពលតូចលេខ៧០(១៥ តុលា ១៩៩៤ – ១៥ តុលា ឆ្នាំ២០២៤) ហើយនាយទាហាន នាយទាហានរងពលទាហាននៃកងពលទាំងអស់របស់លេខ៧០ នឹងប្រារព្ធពិធីអបអរសាទរជាលក្ខណៈទ្រង់ទ្រាយធំដោយមានការធ្វើព្យុហយាត្រា​ ហើយសម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញ​ជាអធិបតី​ភាព​ផងដែរ។

សូមជម្រាបជូនថា​ កងពលតូចលេខ៧០ មានប្រភពដើមចេញពីវរសេនាតូចលេខ៧១ ត្រូវបានបង្កើតឡើងតាមសេចក្តីសម្រេចរបស់អគ្គសេនាធិការ នៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ១៩៧៩ វរសេនាតូចលេខ៧១ មាន៤កងអនុសេនាធំចំណុះ និងមានទីតាំងឈរជើងនៅក្នុងមណ្ឌលក្រសួងការពារជាតិ ។ ដោយពិនិត្យឃើញនូវស្នាដៃ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចរបស់វរសេនាតូចលេខ៧១ ត្រូវបានអគ្គសេនាធិការបានចេញសេចក្តីសម្រេចប្រកាសពង្រីក អង្គភាពវរសេនាតូចលេ៧១ អោយទៅជាវរសេនាធំលេខ៧០។

ភារកិច្ចវរសេនាធំលេខ៧០ ក្នុងពេលនោះ គឺបានបន្ថែមការងារលើការការពារជូនដំណើរថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្តរជាតិ ការពាររាល់គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភារៈរបស់ក្រសួងការពារជាតិ។ ទន្ទឹមនឹងនេះភារកិច្ចរបស់វរសេនាធំលេខ៧០ នាពេលនោះ ក៏ជាកម្លាំងតម្រួតយោធាត្រួតពិនិត្យរាល់វិន័យសណ្ដាប់ធ្នាប់យោធិន បានសហការជាមួយកម្លាំងសមត្ថកិច្ចដទៃទៀត ដើម្បីការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ។ ឆ្លងកាត់លើបទពិសោធន៍ និងស្នាដៃសម្រេចការងាររបស់វរសេនាធំលេខ៧០នោះ គឺការពារសន្ដិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពជូនថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ព្រឹទ្ឋសភា រដ្ឋសភា ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ ព្រមទាំងស្ថាប័នក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពិសេសកងកម្លាំងនេះ បានចេញប្រតិបត្តិការចល័ត អន្តរាគមន៍ដោយសហការជាមួយកម្លាំងប្រដាប់អាវុធផ្សេងៗ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ បង្ក្រាបទប់ស្កាត់ ដោះស្រាយយថាហេតុបានទាន់ពេលវេលា និងមានប្រសិទ្ធភាព រួមចំណែកធ្វើឱ្យសង្គមមានស្ថិរភាពនយោបាយសន្តិភាពពេញលេញក្នុងរាជធានីភ្នំពេញ បង្កលក្ខណៈសម្បត្តិឱ្យរាជរដ្ឋាភិបាលចំរុះដែលប្រសូត្រឡើងស្របតាមឆន្ទៈបំណងប្រាថ្នារបស់ប្រជាជននាឆ្នាំ១៩៩៣ ទទួលការអភិវឌ្ឍលើគ្របីវិស័យពិសេសជោគជ័យលើមាគ៌ានយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គអហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរៀងរហូតមក។ ហេតុដូចនេះ ហើយទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៥១. អ.ន.ក្រ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៩៤ ប្រកាស ពីវរសេនាធំលេខ៧០ ទៅជាកងឯកភាពកងពលតូចថ្មើរជើងលេខ៧០ ។ ក្រោយមកត្រូវរង់ចាំការរៀបចំរចនាសម្ព័ន្ធ រៀបចំកម្លាំងឲ្យបានរៀបរយ លុះដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ១៩៩៤ គឺជាថ្ងៃកំណើតកងពលតូចលេខ៧០នេះ និងប្រារព្វពិធីរំលឹកខួបរៀងរហូតមក ។

នៅក្នុងដំណាក់កាលចុងក្រោយកងពលតូចលេខ៧០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់ក្រសួងការពារជាតិ អគ្គមេបញ្ជាការ ជាពិសេសមេបញ្ជាការកង​ពលតូច​លេខ៧០ មានការឈ្លាសវៃក្នុងការដឹកនាំបញ្ជា និងមានគំនិតច្នៃប្រឌិតខ្ពស់ បានធ្វើឱ្យកងពល​តូចលេខ៧០ ទាំងមូលមានការរីកចម្រើនយ៉ាងឆាប់រហ័ស មានកន្លែងធ្វើការ អគារស្នាក់នៅ​របស់កងទ័ពយ៉ាងសមរម្យ និងរឹងមាំ មានសម្ភារៈប្រើប្រាស់ទំនើបទាន់សម័យ ធ្វើអោយទឹកចិត្ត នាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប ប្រកបដោយស្មារតីអង់អាចក្លាហានហ៊ាន​ធ្វើពលីកម្ម គ្រប់បែបយ៉ាង ដើម្បីការពារជាតិ មាតុភូមិ និងភាពសុខសាន្ដ ជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា​ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៩ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ​បានចេញសេចក្តីកំណត់ ដោយកែសម្រួលតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំងដោយសារដាក់​កងពលតូចលេខ៧០ ស្ថិតនៅក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់អគ្គមេបញ្ជាការនៃកង​យោធពល​ខេមរភូមិន្ទ។ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ក្រសួងការពារជាតិបានសម្រេចបង្កើតកងវិស្វកម្ម មានចំនួនទ័ព២៥០នាក់ ចំណុះអោយកងពលតូចថ្មើរជើងលេខ៧០ ។ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ កងពលតូចថ្មើរជើងលេខ៧០បានបង្កើតកងវរសេនាតូចពិសេសប្រឆាំងភេរវកម្ម, មណ្ឌលហ្វឹកហ្វឺនទី១ជុំគិរី ខេត្តកំពត ចំណុះសាលាហ្វឹកហ្វឺន, មណ្ឌលហ្វឹកហ្វឺនទី២មិត្តភាពជប៉ុន ខេត្តព្រះសីហនុ, កងអនុសេនាធំដឹកជញ្ជូនទី២ ចំណុះឲ្យកងពលតូច, កងអនុសេនាធំឃ្លាំង​ពិសេសភ្នំធំម្រះព្រៅ, និងកងអនុសេនាធំចល័តសង្គ្រោះបន្ទាន់៧១១។

ក្រោយមកនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងការពារជាតិដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញប្រកាសស្តីពី​ការកែ​សម្រួលផ្ទេរក្របខ័ណ្ឌអង្គភាពកងពលធំអន្តរាគមន៍ និងកងពលតូចអន្តរាគមន៍​ពីអគ្គបញ្ជាការដ្ឋាន​មកចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក មានកងពលធំអន្តរាគមន៍លេខ២ កងពលធំ​អន្តរាគមន៍​លេខ៣ កងពលតូចអន្តរាគមន៍លេខ១ កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ កងពលតូចថ្មើរជើងលេខ៧០។

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ក្រសួងការពារជាតិបានចេញសេចក្តីប្រកាស ដោយប្តូរឈ្មោះអង្គភាពកងពលតូចថ្មើរជើងលេខ៧០ បញ្ជាការដ្ឋានកងទ័ពជើងគោក មកជាកងពលតូចលេខ៧០ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ។ បច្ចុប្បន្នកងពលតូចលេខ៧០ ទីតាំងចំនួន៨ គឺទីបញ្ជាការកងពលតូចលេខ៧០(ចោមចៅ),វរសេនាតូចលេខ២ (ការពារក្រសួងការពារជាតិ និងអគ្គបញ្ជាការ), វរសេនាតូចលេខ៣ (ត្មាតពង), មូលដ្ឋានកងយោពលខេមរភូមមិន្ទ តេជោ សែន ភ្នំធំម្រះព្រៅ, សាលាហ្វឹកហ្វឺន តេជោសែនជុំគិរី, សាលាសង្គ្រោះមិត្តភាព កម្ពុជា-ជប៉ុន(ក្រុងព្រះសីហនុ), សាលាសង្គ្រោះមិត្តភាព កម្ពុជា-ចិន,តំបន់អភិវឌ្ឍន៍កងពលតូចលេខ៧០ (គីរីរម្យ) និងក្រោយមកត្រូវបានកាត់ជូនបញ្ជាការដ្ឋានប្រឆាំងភេរវកម្ម សំរាប់ធ្វើជាទីលានហ្វឹកហ្វឺន៕

ដោយ​៖ តារា​


ចែករំលែក៖