ភ្នំពេញ ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ពន្ធនាគារព្រៃស ឬម១ នឹងត្រូវផ្លាស់ប្ដូរក្បាលម៉ាស៉ីនដឹកនាំ ដើម្បីឲ្យមានប្រសិទ្ធភាពការងារ ក្រោយបែកធ្លាយវីដេអូផឹកស៉ី ក្នុងពន្ធនាគារព្រៃស។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានបង្ហើបថា សម្តេចបានជជែកជាមួយឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួចហើយ ករណីបង្ហោះវីដេអូផឹកស៉ីក្នុងពន្ធនាគារ ដែលត្រូវបានគេចែកចាយ តាមបណ្តាញសង្គមហ្វេសប៊ុកបែបនេះ។ ករណីនេះ ពន្ធនាគារព្រៃស នឹងត្រូវផ្លាស់ប្ដូរក្បាលម៉ាស៉ីន ដើម្បីពង្រឹងស្ថាប័ន។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «ម្សិលម្ង៉ៃនេះឃើញ គេជប់លៀង បង្ហោះហ្វេសប៊ុកពីក្នុងគុក។ ខ្ញុំបានជជែកជាមួយ ឯកឧត្តម ស សុខា ពីម្សិលម្ង៉ៃ ប្រគល់ភារកិច្ចឲ្យមើលពិនិត្យអាហ្នឹងឡើងវិញ ឆែកមើល ស្រាវជ្រាវមើលរឿងហ្នឹងវាយ៉ាងម៉េច។ ព្រោះហ្វេសប៊ុកនេះ រញ៉េរញ៉ៃណាស់ ជួនកាលវិដេអូ ១០ឆ្នាំទើបចេញឥលូវ ប៉ុន្តែធ្វើយ៉ាងណា ជាពិសេសធ្វើការកែទម្រង់ពង្រឹង ពន្ធនាគាររបស់យើង។ ម្សិលមិញ ឯកឧត្តម ស សុខា បានរាយការណ៍មក ទី១៖ ពង្រឹង ម១នេះ តាមរយៈការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំតែម្តង ដើម្បីពង្រឹងស្ថាប័ននេះ… »។
សូមជម្រាបថា ថ្មីៗនេះ មានការចែកចាយព្រោងព្រាត ករណីវីដេអូផឹកស៉ីក្នុងពន្ធនាគារ ដែលបង្ហាញភាពកម្សោយ នៃការដឹកនាំស្ថាប័នពន្ធនាគារព្រៃស ឬ ម១។
សូមជម្រាបថា ៖ ក្រោយបែកធ្លាយមានរាំសប្បាយ និងប្រើប្រាស់សារធាតុញៀនក្នុងមណ្ឌលកែប្រែម១ អគ្គនាយកដ្ឋានពន្ធនាគារ បានចេញសេចក្តីបញ្ជាក់ថា ៖ កាលពីពេលថ្មីៗនេះ មានករណីបង្ហោះ និងចែកចាយវីដេអូឃ្លីបពីសកម្មភាពផឹកស៊ី និងរាំលេង របស់ជនជាប់ឃុំជាជនជាតិចិន និងខ្មែរមួយចំនួនដោយអះអាងថាកើតឡើងនៅមណ្ឌលអប់រំកែប្រែទី១។ ដើម្បីធានាបាននូវសុក្រិតភាព តម្លាភាព ស្របតាមច្បាប់ស្តីពីពន្ធនាគារ បទបញ្ជាផ្ទៃក្នុង និងនីតិវិធី ពន្ធនាគារ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចាត់មន្ត្រីជំនាញចុះធ្វើអធិការកិច្ចស្រាវជ្រាវពី ឫសគល់នៃហេតុការណ៍ខាងលើ ព្រមទាំងអ្នកពាក់ព័ន្ធ ទាំងជនជាប់ឃុំ និងមន្ត្រីពន្ធនាគារ នៅមណ្ឌល អប់រំកែប្រែទី១ កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤ និងបន្តការងារនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៤ ។
អគ្គនាយកដ្ឋានពន្ធនាគារ និងធ្វើការបំភ្លឺជាសាធារណៈនូវលទ្ធផលស្តីពីការធ្វើអធិការកិច្ច និងស្រាវជ្រាវរបស់ក្រុមការងារជំនាញក្រោយកិច្ចការនេះត្រូវបានបិទបញ្ចប់ដោយជោគជ័យ។
រាល់ព័ត៌មានបឋមពាក់ព័ន្ធករណីខាងលើ សូមទំនាក់ទំនងផ្ទាល់ជាមួយអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋាន ពន្ធនាគារ តាមលេខទូរស័ព្ទ ០៨៥ ៨៨០ ០០០ ៕
ដោយ ៖ សិលា