ខេត្តកំពត ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅលើផ្លូវដែកក្នុងសភាពដាច់ ដៃដាច់ជើងដែលគេសន្និដា្ឋនថា ដោយសារ រថភ្លើងកិនបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង ទៀបភ្លឺ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅ ចំណុចគីឡូម៉ែតត្រលេខ១២៣-១២៤ ស្ថិតក្នុងភូមិព្រៃតាព្រឹកស្តេចគង់ខាងលិច ស្រុក បន្ទាយមាស ខេត្តកំពត។
ឪពុកជនរងគ្រោះបានឲ្យដឹងថា ជនរង គ្រោះឈ្មោះរៀល ស្នា ភេទប្រុស បច្ចុប្បន្ន រស់នៅឯខេត្តក្រចេះ តែមុនពេលកើតហេតុ ២-៣ថ្ងៃ កូនប្រុសរបស់គាត់បានចេញពីផ្ទះមករកការងារធ្វើនៅរោងចក្រស៊ីម៉ងត៍ ក្រី ទីង។ នៅមុនពេលកើតហេតុព្រលប់ថ្ងៃទី ១៦ កូនប្រុសរបស់គាត់បានទៅផឹកស៊ីជា មួយមិត្តភក្តិក្នុងភូមិកើតហេតុខាងលើ ហើយពេលត្រឡប់មកផ្ទះវិញយប់ជ្រៅ ម្តាយក៏ស្តីប្រដៅ ហើយជនរងគ្រោះបាន ចាប់យកអាគុយ និងទូរស័ព្ទបោកចោលរួច ក៏ចេញពីផ្ទះបាត់ទៅ។ លុះព្រឹកឡើងថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៦ មានគេរត់មក ប្រាប់ថា កូនប្រុសរបស់គាត់ត្រូវរថភ្លើងកិន ស្លាប់បាត់ហើយ។
ឪពុកជនរងគ្រោះបានបន្ថែមថា ជនរង គ្រោះពេលចាកចេញពីផ្ទះ មកការងារធ្វើនេះ គឺប្រពន្ធទើបតែឆ្លងទន្លេកូនខ្ចីបានប្រមាណ ជា២០ថ្ងៃប៉ុណ្ណោះ។
នាយនគរបាលប៉ុស្តិ៍ស្តេចគង់ខាងលិច លោក ង៉ែត វ៉ាត បានឲ្យដឹងថា នៅវេលា ម៉ោងទៀបភ្លឺ ថ្ងៃទី១៧ ទាំងរូបគាត់ និងអ្នក ភូមិបានឮសំឡេងស៊ីផ្លេររថភ្លើងកងរំពងខុស ពីថ្ងៃធម្មតា លុះព្រឹកឡើងក៏មានករណីរថ ភ្លើងកិនមនុស្សស្លាប់តែម្តង។ ស៊ីផ្លេររថភ្លើង នេះលោកសង្ស័យថា អ្នកបើកបរថភ្លើងស៊ី ផ្លេរដាស់ជនរងគ្រោះពេលដែលបានឃើញ ជនរងគ្រោះដេកនៅលើផ្លូវរថភ្លើង។
លោកមេប៉ុស្តិ៍រូបនេះបានបញ្ជាក់ថា រាល់ថ្ងៃរថភ្លើងរត់ឆ្លងកាត់ ផ្លូវដែកនេះមាន ចំនួន២ខ្សែ គឺ១ខ្សែរត់ពីម៉ោង១០យប់ និង ១ខ្សែទៀត រត់ឆ្លងកាត់នៅម៉ោង៣ទៀបភ្លឺ ពីភ្នំពេញទៅ ក្រុង-ខេត្តព្រះសីហនុ ហើយ រថភ្លើងដែលកិនជនរងគ្រោះអាចជារថភ្លើង រត់នៅម៉ោង៣ទៀបភ្លឺ ព្រោះប្រជាពលរដ្ឋក្នុងភូមិបានឮសំឡេងស៊ីរ៉ែន និងស៊ីផ្លេរនៅ ម៉ោង៣ទៀបភ្លឺនោះ។
ស្នងការខេត្តកំពតលោក ម៉ៅ ចាន់មធុរិទ្ធ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ តាមទូរស័ព្ទថា ការស្លាបប់របស់ ជនរងគ្រោះ ដោយសារជនរងគ្រោះផឹកស្រា ស្រវឹង ហើយទៅដេកនៅលើផ្លូវដែកបណ្តាលឲ្យរថភ្លើងកិនស្លាប់ដូច្នេះ។
សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រមូលខ្ចប់សែងតាមអង្រឹងយកទៅរៀបចំធ្វើ បុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕ លី ហ៊ាង