ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពត៖​ ណែនាំដល់មន្ទីរ អង្គភាពជំនាញ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបង្រ្កាបរាល់បទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពត

ចែករំលែក៖

ខេត្ត​កំពត​៖​ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត​ បានប្រកាស​ណែនាំដល់មន្ទីរ អង្គភាពជំនាញ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបង្រ្កាបរាល់បទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពត។

ការប្រកាសបែបនេះ​របស់​លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នាឱកាស​អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលសន្និសីទបូកគោ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ។ 

ក្នុងកិច្ចប្រជុំនាព្រឹកនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត តំណាងសាលាបូងខេត្ត តំណាងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រីនាយក នាយករង រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីអភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត លោកអធិការ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក ទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្ត មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ សរុបចំនួន ៣១៧នាក់។

លោកអភិបាល បានណែនាំដល់មន្ទីរ អង្គភាពជំនាញ ក៏ដូចកងកំលាំងមានសមត្ថកិច្ច ត្រូវបង្រ្កាបរាល់បទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពត និងត្រូវធ្វើការបង្រ្កាបឱ្យខានតែបាននូវរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយបញ្ហាទឹកស្អាត និងថាមពលអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់៕

ដោយ​៖ តារា​


ចែករំលែក៖