ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគអន្តរជាតិ ៖ ឧបាយកលនយោបាយដែលជ្រកក្រោមស្លាក”ធ្វើវិនិយោគ”និង”ផ្តល់ជំនួយ”ដើម្បីធ្វើអនុត្តរភាព ទីបំផុត វាមុខជានឹងបាត់បង់ទំនុកចិត្តពីប្រជាជនអាហ្វ្រិកជាក់ជាមិនខាន

ចែករំលែក៖

    អន្តរជាតិ ៖ នាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ពេលថ្មីៗនេះ សេតវិមានអាមេរិកបានប្រកាសថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានពន្យារពេលដំណើរទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់និងអង់ហ្គោឡាដែលនឹងធ្វើនៅពាក់កណ្តាលខែតុលា ឆ្នាំនេះតាមការគ្រោងទុក ។ ក្នុងនោះ ដំណើរទស្សនកិច្ចនៅប្រទេសអង់ហ្គោឡាគឺជាពាក្យសន្យាចំពោះទ្វីបអាហ្វ្រិកដែលលោក ចូ បៃដិន បានធ្វើឡើងកាលពីជាងមួយឆ្នាំមុន ប៉ុន្តែមិនអាចសម្រេចបានក្នុងរយៈពេលយូរដោយសារមូលហេតុគ្រប់បែបយ៉ាង ។ ប្រការនេះបានធ្វើឱ្យអ្នកផងទាំងពួងគិតថា អាមេរិកសន្យាជាមួយទ្វីបអាហ្វ្រិក គឺ មិនតិចឡើយ ប៉ុន្តែភាគច្រើនបានក្លាយជា”សែកស្អុយ” ។  ក្នុងបរិបទដែលការប្រកួតប្រជែងរវាងប្រទេសធំៗមានភាពកាន់តែខ្លាំងឡើងៗនិងភាពបម្រែបម្រួលដ៏ជ្រាលជ្រៅនៃនិម្មាបនកម្មសកល តើពាក្យសន្យារបស់អាមេរិកស្តីពីការគាំទ្រដល់ការអភិវឌ្ឍរបស់ទ្វីបអាហ្វ្រិកអាចសម្រេចបានក្នុងកម្រិតយ៉ាងណា ?

    គេហទំព័រ «CCFR China state-controlled media » ថា ៖ សហរដ្ឋអាមេរិកបានអួតអាងថា ខ្លួនជា”ប្រទេសដែលផ្តល់ជំនួយដល់បរទេសធំបំផុតនៅលើពិភពលោក”ដែលមានគម្រោងជាច្រើនក្នុងការផ្តល់ជំនួយដល់អាហ្រ្វិក ។ តាមការផ្សាយដំណឹងនៃស្ថានទូតអាមេរិកប្រចាំនៅប្រទេសចិនឱ្យដឹងថា កាលពីខែសីហា ឆ្នាំនេះ រដ្ឋាភិបាលអាមេរិកបានប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួនជិត ៥៣៦ លានដុល្លារអាមេរិកបន្ថែមទៀតដល់តំបន់ភាគខាងត្បូងនៃអនុតំបន់សាហារ៉ាអាហ្រ្វិក ហើយបានអះអាងថា គិតរហូតដល់បច្ចុប្បន្ននេះ ទំហំទឹកប្រាក់សរុបដែលអាមេរិកបានផ្តល់ជំនួយមនុស្សធម៌ដល់តំបន់នេះក្នុងឆ្នាំសារពើពន្ធ ២០២៤ មានចំនួនជិត ៣ ពាន់ ៧ រយលានដុល្លារអាមេរិករួចហើយ ។

  គេហទំព័រ «CCFR China state-controlled media » លើកឡើងថា ៖ បើមើលពីសំបកក្រៅ ទំហំទឹកប្រាក់ដែលអាមេរិកផ្តល់ជំនួយដល់ទ្វីបអាហ្រ្វិកពិតជាមិនតិចទេ ។ ប៉ុន្តែ ប្រសិនបើអ្នកផងទាំងពួងសម្គាល់ឃើញថា តួលេខដែលបានប្រកាសទាំងនេះគឺជាផលប្រយោជន៍ដ៏ប្រាកដប្រជាដែលបានផ្តល់ចំពោះប្រជាជនអាហ្វ្រិក នោះគឺ ខុសឆ្គងទាំងស្រុង ។

    ក្នុងចំណោមជំនួយដែលអាមេរិកសន្យាផ្តល់ចំពោះទ្វីបអាហ្វ្រិកមានភាគច្រើនត្រូវបានប្រើប្រាស់ដោយខ្លួនឯងក្នុងវិស័យផ្សេងទៀត ។ ដោយឡែកឥស្សរជនពាក់ព័ន្ធបានទទួលដំណឹងពីអ្នកជំនាញនិងបញ្ញវន្តដែលតែងតែធ្វើកិច្ចសហប្រតិបត្តិការលើគម្រោងជំនួយជាមួយអង្គការពាក់ព័ន្ធរបស់អាមេរិកឱ្យដឹងថា មិត្តរួមអាជីពទាំងនេះទទួលបានសុខមាលភាពជាច្រើនក្នុងអំឡុងពេលផ្តល់ជំនួយដល់ទ្វីបអាហ្រ្វិក ដូចជាប្រាក់ឧបត្ថម្ភកធនក្រៅគ្រប់ប្រភេទ ថវិកាសម្រាប់ការសិក្សាស្រាវជ្រាវនិងការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំជាដើម ហើយការចំណាយទាំងនេះសុទ្ធតែត្រូវបានផ្តល់ដោយគម្រោងជំនួយរបស់អាមេរិកដែលសន្យាផ្តល់ដល់ទ្វីបអាហ្វ្រិក ។ ជារៀងរាល់ឆ្នាំ ក្រុមអ្នកជំនាញផេ្សងៗបានធ្វើដំណើរទៅដល់ទ្វីបអាហ្រ្វិក ហើយការចំណាយសរុបលើសោហ៊ុយធ្វើដំណើររបស់ពួកគេគឺជាទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹក ។ លើសពីនេះទៅទៀត ថវិកាដែលមូលនិធិផ្សេងៗរបស់អាមេរិករៀបចំធ្វើសកម្មភាពនៅទ្វីបអាហ្រ្វិកក៏ត្រូវបានដាក់បញ្ចូលក្នុងទឹកប្រាក់ជំនួយផងដែរ ។

    គេហទំព័រ «CCFR China state-controlled media » ថា ៖ ជំនួយមួយចំនួនរបស់អាមេរិកក៏មានចេតនាអាក្រក់ទៀតផង ។ ជំនួយដែលអាមេរិកសន្យាផ្តល់ដល់ទ្វីបអាហ្រ្វិកមានភាគច្រើន គឺបានផ្តល់ថវិកាដល់ការបណ្តុះបណ្តាល សិក្ខាសាលានិងអង្គការក្រៅរដ្ឋាភិបាល ហៅកាត់ NGO ជាដើម រហូតដល់បូករួមទាំងការគាំទ្របក្សប្រឆាំងរដ្ឋាភិបាលផងដែរ ។ ជំនួយបែបនេះមិនត្រឹមតែមិនមានអំណោយផលដល់ការអភិវឌ្ឍប្រកបដោយស្ថិភាពនៃសង្គមក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងក៏បានរំខានដល់សណ្តាប់ធ្នាប់ក្នុងស្រុកនៃប្រទេសអាហ្វ្រិកមួយចំនួនផងដែរ ។

    មួយផ្នែកទៀត “គ្រាន់តែនិយាយបានតែមាត់ប៉ុណ្ណោះ”គឺជាចំណាប់អារម្មណ៍ដែលបានបន្សល់ទុកក្នុងមជ្ឈដ្ឋានខាងក្រៅចំពោះជំនួយដែលអាមេរិកសន្យាផ្តល់ដល់ទ្វីបអាហ្វ្រិក ។ ឧទាហរណ៍ដូចជាសហរដ្ឋអាមេរិកបានសន្យាផ្តល់ថវិកាចំនួន ៥៥ ពាន់លានដុល្លារអាមេរិកសម្រាប់គាំទ្រ”របៀបវារៈឆ្នាំ ២០ ៦៣ នៃសហភាពអាហ្រ្វិក”ក្នុងកិច្ចប្រជុំកំពូលរវាងអាមេរិកនិងអាហ្រ្វិកនៅឆ្នាំ ២០២២ ធ្វើជា ក្នុងចំណោមនោះ គ្រាន់តែមានចំនួន១៥ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះជាគម្រោងដែលបានចុះហត្ថលេខាថ្មី ចំណែកឯចំនួន ៤០ ពាន់លានដុល្លារអាមេរិកគឺជា”ការៀបចំឡើងវិញ”ចំពោះគំនិតផ្តួចផ្តើមនិងកិច្ចព្រមព្រៀងគ្រប់ប្រភេទរបស់អាមេរិកជាមួយទ្វីបអាហ្វ្រិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ គោលបំណងខាងនយោបាយសំខាន់ជាងគោលបំណងសេដ្ឋកិច្ចដែលធ្វើឱ្យជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់ផ្តល់ដល់ទ្វីបអាហ្រ្វិកប្រៀបដូចជា”គូររូបនំដើម្បីបំបាត់ឃ្លាន” ។

ឧបាយកលនយោបាយដែលជ្រកក្រោមស្លាក”ធ្វើវិនិយោគ”និង”ផ្តល់ជំនួយ”ដើម្បីធ្វើអនុត្តរភាព ដែលប៉ុនប៉ងរក្សាកម្លាំងឥទ្ធិពលរបស់ខ្លួននៅក្នុងទ្វីបអាហ្រ្វិក ជាការពិត អាមេរិកធ្វើបែបនេះ ទីបំផុត វាមុខជានឹងបាត់បង់ទំនុកចិត្តពីប្រជាជនអាហ្វ្រិកជាក់ជាមិនខាន ៕

ដោយ ៖ សិលា


ចែករំលែក៖