ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «មគ្គទេសក៍អាស៊ានសម្រាប់អភិបាលកិច្ច GenAI» ក្រោមអធិបតីភាពរបស់ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីមន្ត្រីក្រសួងប្រៃសណីយ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
សិក្ខាសាលានេះត្រូវបានរៀបចំធ្វើទ្បើង ខណៈដែលមួយរយៈចុងក្រោយនេះពិភពលោកបានងាកមកចាប់អារម្មណ៍លើ AI កាន់តែខ្លាំងដោយសារការរីកដុះដាលនៃបញ្ញាសិប្បនិម្មិតបង្កើតមាតិកា។
សិក្ខាសាលានេះ មានគោលបំណងសម្របសម្រួលជាមួយស្ថាប័នផ្សេងៗ ក្នុងកម្រិតតំបន់ ខណៈប្រទេសអាស៊ានកាលពីឆ្នាំ ២០២៣ បានអនុម័តមគ្គុទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ច និងក្រមសីលធម៌ AI។
លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានមានប្រសាសន៍នៅថ្ងៃថា កម្មវិធី បញ្ញាសិប្បនិម្មិ (AI) នៅកម្ពុជានៅជាដំណាក់កាលដំបូងនៅឡើយ បញ្ហាប្រឈម មិនទាន់អាចនិយាយបាននោះទេ ខណៈក្រសួងប្រៃសណីយ៍ កំពុងសហការជាមួយអង្គការយូនីស្កូ ដើម្បីសិក្សាថា តើបច្ចុប្បន្នស្ថានភាពកម្ពុជានៅទីណាក្នុងការប្រើប្រាស់ AI។
លោក សំ សិទ្ធិសេរីបានបន្តថា «AI គឺជាបច្ចេកវិទ្យាមួយ ដែលជួយសម្រួលការងារយើងច្រើន មានផលប្រយោជន៍ច្រើន កាត់បន្ថយតម្លៃ និងពេលវេលា។ ពីមុនយើងធ្វើការងារ ១០ ម៉ោង ឥលូវយើងអាចធ្វើការងារត្រឹម ១០ នាទី ជាមួយបច្ចេកវិទ្យា AI ដែលអាចជួយសម្រួលបានច្រើន វាអាចជាជំនួយបច្ចេកទេស ឬប្រតិបត្តិការផ្សេងៗ ប៉ុន្តែក៏អាចមាន ហានិភ័យដែរ»៕
ដោយ៖ តារា