ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ហៃ វណ្ណា ដែលបានធ្វើការសូមអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន កាលពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២៤ និងបានប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយមមកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជននិងនាំយកចំណេះដឹងដើម្បីចូលរួមកសាងប្រទេសជាតិវិញ។
សម្ដេចតេជោ បានថ្លែងបន្តថា ខ្ញុំក៏សូមការយោគយល់អាធ្យាស្រ័យពីសំណាក់បងប្អូនជនរួមជាតិដែលខឹងសម្បាចំពោះលោកហៃ វណ្ណា កន្លងមកនិងបញ្ចប់ការខឹងសម្បានេះ ដើម្បីចាប់ដៃគ្នាកសាងអនាគតរបស់កម្ពុជា។
សម្ដេចតេជោ សង្ឃឹមថាបងប្អូនផ្សេងទៀតនឹងយកគំរូតាមលោក ហៃ វណ្ណា ដោយផ្តាច់ខ្លួនចេញពីមេក្រុមជ្រុលនិយមមកចូលរួមកសាងប្រទេស។
បន្ថែមពីនេះ សម្ដេចតេជោ បានបញ្ជាក់ថា សូមកុំធ្វើនយោបាយដង្ហែសពមេក្រុមប្រឆាំងជ្រុលនិយមចូលរណ្តៅព្រោះខ្លួនគេជួយខ្លួនមិនបានផងថែមទាំងចោលស្រុកថែមទៀត៕
ដោយ៖ តារា