ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើករថយន្តដឹកកម្មករសង្ស័យស្រវឹងស្រាបុកគូទរថយន្តមួយគ្រឿង រួចរេចង្កូតទៅបុករុឺម៉កម៉ូតូលក់ប្រហឹតបណ្តាលឱ្យរងរបួសធ្ងន់២នាក់ និងបន្តទៅបុកផ្ទះបញ្ចូលហ្គាសផ្អើលទាំងថ្ងៃរសៀល

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ ខណៈដែលអ្នកបើករថយន្តដឹកកម្មករ២៥កៅអី សង្ស័យស្រវឹងស្រា បានបើកបុកគូទរថយន្តតាកូម៉ាមួយគ្រឿងទៀត រួចរេចង្កូតទៅបុកម៉ូតូលក់ប្រហឹតរបួសធ្ងន់២នាក់ ហើយបន្តទៅ បុកផ្ទះបញ្ចូលហ្គាសបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរទាំងថ្ងៃរសៀល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី១៨ខែតុលាឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ១ក្នុងភូមិដើមពោធ៏ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។

បើតាមសាក្សីបានអោយដឹងថា មុនកើតហេតុមានរថយន្តដឹកកម្មករមួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខព្រះសីហនុ៣A-៧៥៨៨ ដោយធ្វើដំណើរពីលិចមកកើត សង្ស័យស្រវឹងស្រាក៏បានបុកជាមួយរថយន្តមួយគ្រឿងម៉ាកតាកូម៉ាពាក់ស្លាកលេខភ្នំពេញ២AD-០២៣៤ពេញទំហឹង  រួចក៏រេចង្កូតទៅបុករុឺម៉កម៉ូតូលក់ប្រហិតមួយគ្រឿងបណ្ដាលអោយមនុស្សប្រុសស្រី២នាក់ មិនទាន់ស្គាល់ឈ្មោះ រងរបួសធ្ងន់ ហើយរថយន្តមិនទាន់អស់ល្បឿនក៏បុកចូលផ្ទះលក់ហ្គាសខូចខាតយ៉ាងដំណំផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាល បានមកដល់ ហើយធ្វើការឃាត់ខ្លួនអ្នកបើករថយន្តដឹកកម្មករ២៥កៅអី មិនទាន់ស្គាល់អត្តសញ្ញាណ មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល។ ចំណែកអ្នករងរបួសទាំង២នាក់ត្រូវបានដឹកយកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត រីឯមធ្យោបាយធ្វើដំណើរ សមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖