ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលពួកគេទាំង២នាក់ជិះម៉ូតូក្នុងល្បឿនលឿនដូចហោះទៅបុកនឹងរថន្តធន់ធំ ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និ២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅណុចស្តុបណតប្រ៊ីត ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម C125 សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ 0581ក្នុងល្បឿនលឿនដូចហោះ តាមផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំនុចកើតហេតុ ក៏មានរថយន្តមួយគ្រឿង ដែលសង្ស័យជារថយន្តធុនធំ មិនចាំភិនភាគ បើកបរតាមផ្លូវណតប្រ៊ីត ក្នុងទិសដៅពីជើងទៅត្បូង ឆ្លងស្តុប ពេលនោះធ្វើឲ្យជនរងគ្រោះចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រលទៅបុកត្រូវចំហៀងខាងឆ្វេងរថយន្តពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះម្នាក់ ដែលជាអ្នកឌុបរងគ្រោះបែកមុខខ្ទេច បែកខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯម្នាក់ទៀតរងរបួសធ្ងន់ ដោយឡែកម៉ូតូរងការខូចខាតមួយកំណាត់មុខទាំងស្រុង ។
ក្រោយមក រថយន្តខាងលើ បានបើករត់បាត់ស្រមោល នៅសល់តែជនរងគ្រោះទាំងពីរនាក់ ម្នាក់ដេកស្លាប់ និងម្នាក់ម្នាក់ទៀតត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។
សមត្ថកិច្ចបានឲ្យដឹងថា សពដែលស្លាប់មានឈ្មោះ ចាន់ ថូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសំណង់ ស្នាក់នៅផ្ទះជួលម្ដុំមន្ទីរពេទ្យរុស្សី មានស្រុកកំណើតភូមិថ្នល់ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងម្នាក់ទៀត ដែលរងរបួសធ្ងន់ ជិះពីក្រោយមានឈ្មោះ សុទ្ធ ពុទ្ធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសំណង់ ស្នាក់នៅផ្ទះជួលជាមួយគ្នា ស្រុកកំណើតជាមួយគ្នា ។
បើតាមប្រភពពីមិត្តភក្ដិជនរងគ្រោះបានអោយដឹងថា ពួកគេទាំង២នាក់ ទើបតែចេញពីលេងផ្ទះមិត្តភក្ដិនៅម្ដុំពោធិ៍ចិនតុង ហើយក្រោយមកជិះម៉ូតូត្រឡប់ទៅផ្ទះជួលវិញ ក៏ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដង ។ ក្រោយពេលកើតហេតុ សពត្រូវបានសាច់ញាតិដឹកបញ្ជូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ តុង សីហា
សូមអានបន្តទៀត ៖ រថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែតបើកបុកម៉ូតូបណ្តាលឲ្យមនុស្សរងរបួសធ្ងន់២នាក់