ភ្នំពេញ ៖ បុរស២នាក់ ជិះម៉ូតូឌុបគ្នាបានរងរបួសធ្ងន់បាក់ជើង ដោយសារតែរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យកាល់ម៉ែតបើកបុកកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ២១៧ កែង១៦១ ស្ថិតក្នុងសង្កាត់អូរប្ញស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
រថយន្តបង្កជារថយន្តសង្គ្រោះមន្ទីរពេទ្យកាល់ម៉ែត ពាក់ស្លាកលេខ រដ្ឋ 12 2-0214 ចំណែកម៉ូតូរងគ្រោះម៉ាក ស៊ុយហ្សុយគីវីវា ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-5875 ជិះឌុបគ្នា២នាក់ (ប្រុសទាំង២នាក់) រងរបួសបាក់ជើងឆ្វេងទាំង២នាក់ ។
តាមសំដីរបស់សាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តសាមុយ របស់ពេទ្យកាល់ម៉ែតបើកយ៉ាងលឿន ព្រមទាំងមានបើកសារ៉ែនថែមទៀតផង ប្រហែលជាប្រញាប់ទៅយកអ្នកជំងឺ បើកតាមបណ្តោយផ្លូវលេខ១៦១ ក្នុងទឹសដៅពីត្បូងទៅជើង ពេលបើកមកដល់ផ្លូវបំបែក២១៧ ក៏ជ្រុលទៅបុកម៉ូតូរងគ្រោះ ដែលធ្វើដំណើរក្នុងទឹសដៅពីកើតទៅលិចពេញទំហឹងតែម្តង បណ្តាលឲ្យម៉ូតូ និងមនុស្សប៉ើងប្រហែល៥ម៉ែត្រ ខ្ទាតទៅលើចិញ្ចើមផ្លូវរងរបួសបាក់ជើងទាំង២នាក់ ។
សាក្សីបានបន្ទទៀតថា តាមពិតរថយន្តសាមុយបើកជិតផុតផ្លូវលេខ២១៧ទៅហើយ ទើបបុកម៉ូតូ ។
ក្រោយពេលកើតហេតុ ខាងអ្នកបើករថយន្តសាមុយបង្កបានទូរស័ព្ទទៅខាងពេទ្យកាល់ម៉ែតដើម្បីឲ្យរថយន្តមួយគ្រឿងទៀតមកដឹកអ្នករបួសទៅ ។ ចំណែកម៉ូតូ និងរថយន្តត្រូវសម្ថកិច្ចវាស់វែង និងយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ។
មតិមួយចំនួនបានសំណូមពរដល់គ្រប់រថយន្តសង្គ្រោះទាំងអស់ មេត្តាបើកបរឲ្យមានការប្រុងប្រយត្ន័ផង កុំអាងតែមានសារ៉ែន បើកគ្មានប្រណី នេះសំណាងហើយដែលគ្មានអ្នកបាត់បង់ជីវិតនោះ គ្រាន់តែរបួសបាក់ជើង ៕ ជីម ភារ៉ា ដង្កោ
សូមអានបន្តទៀត ៖ ឪពុកម្តាយទៅរកស៊ីឆ្ងាយ រស់នៅផ្ទះជាមួយជីដូនអាយុ៦៤ឆ្នាំ ពេលផឹកស៊ីស្រវឹង យកក្រមាចងកសម្លាប់ខ្លួនមិនដឹងមូលហេតុ