ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរ និងជូនពរ លោក Prabowo Subianto នាឱកាសពិធីចូលកាន់តំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តម Prabowo Subianto ប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូនេស៊ី ហ្សាកាតា

ឯកឧត្តមជាទីគោរពរាប់អាន!

ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្ស រីករាយចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះឯកឧត្តម នាឱកាសនៃពិធីចូលកាន់តំណែងរបស់ ឯកឧត្តម ជាប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃនេះ។ ខ្ញុំមានជំនឿជាក់យ៉ាងមុតមាំថា ឯកឧត្តម នឹងបំពេញតួនាទីថ្មីនេះប្រកបដោយស័ក្តិសិទ្ធភាព ដោយសារសមត្ថភាពដឹកនាំ, បទពិសោធ ក្នុងវិស័យសាធារណៈដ៏ទូលំទូលាយ និងការប្តេជ្ញាចិត្តរបស់ឯកឧត្តម ក្នុងការធ្វើឱ្យប្រទេសជាតិ និង ប្រជាជនកាន់តែប្រសើរឡើង បន្ថែមពីលើការគាំទ្រពីប្រជាជន។

ខ្ញុំក៏ជឿជាក់យ៉ាងមុតមាំថា ក្នុងនាមជាប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម នឹង បន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌូនេ ស៊ីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៧។

ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម, រដ្ឋបាលរបស់ឯកឧត្តម និងក្រុមប្រឹក្សា តំណាងប្រចាំតំបន់ (ព្រឹទ្ធសភា) នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាង រដ្ឋាភិបាលនិងសភារបស់យើង ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិទាំង ពីររបស់យើង។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ និងសូមប្រសិទ្ធពរជូន ឯកឧត្តម សូម សមប្រកបដោយសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងភារកិច្ចថ្មីដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម។

ហ៊ុន សែន


ចែករំលែក៖