ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងមួយយប់ កម្លាំងការពាររុស្ស៉ី បាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែន១១០គ្រឿង

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែតុលា ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសថា យន្តហោះដ្រូនអ៊ុយក្រែន សរុបចំនួន១១០គ្រឿង ត្រូវបានបាញ់ទម្លាក់ពីលើផ្ទៃអាកាស នៅលើតំបន់មួយចំនួននៃប្រទេសរុស្ស៉ី រួមមានទាំងនៅលើរដ្ឋធានីមូស្គូ កាលពីវេលាយប់កន្លងទៅ។

ក្រសួងការពារជាតិរុស្ស៉ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បានបាញ់ស្ទាក់ដ្រូនចំនួន៤៣គ្រឿង នៅលើតំបន់ Kursk ជាទីដែលកងទ័ពអ៊ុយក្រែន បាននិងកំពុងបន្តការវាយលុករបស់ពួកគេតាមផ្លូវគោក ចាប់តាំងតែពីខែសីហា ឆ្នាំនេះ ដើម្បីព្យាយាមបង្វែរការផ្តោតសំខាន់ របស់កងកម្លាំងរុស្ស៉ី។ ចំណែក ដ្រូន២៧គ្រឿងទៀត ត្រូវបានបាញ់ទម្លាក់លើតំបន់ Lipetsk, ១៨គ្រឿងលើតំបន់ Oryol និង១គ្រឿងលើមូស្គូ ព្រមទាំង២១គ្រឿងផ្សេងទៀត នៅលើតំបន់ Nizhny Novgorod, Belgorod និង Bryansk។
រុស្ស៉ីបានបន្តរាយការណ៍សឹងតែរៀងរាល់ថ្ងៃ នូវការបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែន លើទឹកដីរបស់ខ្លួន ប៉ុន្តែជាទូទៅ គឺក្នុងចំនួនតិចៗជាងនេះ។ ទីក្រុងកៀវបាននិយាយថា ការវាយប្រហារដោយយន្តហោះដ្រូនទាំងនេះ ដែលជារឿយៗមានគោលដៅលើទីតាំងថាមពល គឺដើម្បីឆ្លើយតបចំពោះ ការវាយប្រហារតាមផ្លូវអាកាស និងបាញ់ផ្លោងរបស់រុស្ស៉ី មកលើទឹកដីរបស់ខ្លួន៕ ដោយ៖ ធីរីណា

រូប​ថត​៖ Getty


ចែករំលែក៖