ព័ត៌មានទាន់ហេតុការណ៍៖

បារាំងសហការជាមួយប្រទេសតំបន់អឺរ៉ុបស៊ើបអង្កេតលើកម្មវិធី Telegram

ចែករំលែក៖

ទីក្រុងប៉ារីស ៖ ការិយាល័យរដ្ឋអាជ្ញា បានប្រកាសឱ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតបារាំង បាននិងកំពុងសហការគ្នាជាមួយបែលហ្ស៊ិក ក្នុងកិច្ចខិតខំប្រឹងប្រែងស៊ើបអង្កេតលើកម្មវិធី Telegram និងតាមដានសកម្មភាពរបស់នាយកប្រតិបត្តិគឺលោក Pavel Durov ។
រដ្ឋអាជ្ញាបារាំងកំពុងពិនិត្យមើលការចោទប្រកាន់លើមហាសេដ្ឋីបច្ចេកវិទ្យា ដែលមានដើមកំណើតរុស្ស៊ីរូបនេះរួចហើយ លើករណីដែល «បើកដៃឱ្យមានការប្រព្រឹត្តអំពើខុសច្បាប់នៅលើកម្មវិធី Telegram» ជាពិសេសគឺ ការបដិសេធមិនព្រមសហការជាមួយអាជ្ញាធរអនុវត្តច្បាប់។
ការស៊ើបអង្កេតរួមគ្នានេះ គឺស្ថិតនៅក្រោមក្របខ័ណ្ឌនៃអង្គភាព Eurojust ដែលជាទីភ្នាក់ងារសហភាពអឺរ៉ុប សម្រាប់កិច្ចសហប្រតិបត្តិការយុត្តិធម៌ព្រហ្មទណ្ឌ ដើម្បីអនុញ្ញាតឱ្យរដ្ឋនានា «ផ្លាស់ប្តូរព័ត៌មាន និងភស្តុតាងដោយផ្ទាល់, សហការក្នុងពេលវេលាជាក់ស្តែង និងរួមគ្នាអនុវត្តប្រតិបត្តិការ» ។
ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «នាយកដ្ឋានស៊ើបអង្កេតរបស់បារាំង ក៏ដូចជាដៃគូ Eurojust ផ្សេងៗ ជាពិសេសប្រទេសបែលហ្ស៊ិក បានចែករំលែកការស៊ើបអង្កេតដូចគ្នា» ទៅលើ Telegram។
រដ្ឋអាជ្ញាបារាំងបាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋអាជ្ញាសហព័ន្ធរបស់ប្រទេសបែលហ្ស៊ិក ក៏បានបើកការស៊ើបអង្កេតលើ «ករណីដែល Telegram បរាជ័យស្ទើរតែទាំងស្រុងក្នុងការទប់ស្កាត់បទល្មើស»។
ក្រោយពីការចាប់ខ្លួនលោក Pavel Durov នៅក្នុងទីក្រុងបារាំងមក មានប្រទេសធំៗចំនួនបន្ថែមទៀត ដែលបានបើកការស៊ើបអង្កេតលើកម្មវិធី Telegram នៅក្នុងមានប្រទេសកូរ៉េខាងត្បូង និងប្រទេសឥណ្ឌា ហើយគិតមកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ស្ដីអំពីលទ្ធផលនៃការស៊ើបអង្កេតឡើយ គ្រាន់តែអាជ្ញាធរឥណ្ឌាបានឱ្យដឹងថា ខ្លួនបានបន្ថែមការចោទប្រកាន់ទៅលើកម្មវិធី Telegram បន្ទាប់ពីរកឃើញការឆបោកដ៏ធ្ងន់ធ្ងរ៕

ដោយ៖ ធីរីណា(រូប​ថត​៖ Euro News)


ចែករំលែក៖