ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតរំលែកមរណទុក្ខ ជូនចំពោះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ

តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងព័ត៌មាន ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួល និងសោកស្តាយ យ៉ាងក្រៃលែង ដោយបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតថា ឯកឧត្តម ជា ចាន់តូ តំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ត្រូវជាឪពុកបង្កើតរបស់ លោកជំទាវបណ្ឌិត បានទទួលមរណភាព នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០ និង ៣០ នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឯកឧត្តម គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុកបង្កើត ឪពុកក្មេក និងជីតាជាទី គោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ សីលធម៌ និងគុណធម៌ ដែលបានចិញ្ចឹមបីបាច់ថែរក្សា អប់រំ បណ្តុះ បណ្តាលបញ្ញាស្មារតីដល់កូនៗ និងចៅៗឱ្យមានចំណេះដឹងជ្រៅជ្រះ និងក្លាយជាធនធានដ៏ល្អនៅក្នុងសង្គម។ ជាពិសេស ជាការបាត់បង់នូវឥស្សរជនជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលបានដឹកនាំវិស័យធនាគារនិងហិរញ្ញវត្ថុ ឱ្យមានការរីចម្រើនយ៉ាងខ្លាំងនៅកម្ពុជា វាំងនៅកម្ពុជា និងពេញមួយជីវិតរបស់ ឯកឧត្តម បានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី និងការលះបង់ពុះពារគ្រប់ឧបសគ្គ ដើម្បីបម្រើ ជាតិ សាសនា និងព្រះមហាក្សត្រ។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយ ស្រណោះ អាឡោះអាល័យជាពន់ពេក និងសូមចូលរួមរំលែកនូវមរណទុក្ខជាមួយ លោកជំទាវបណ្ឌិត ព្រមទាំងក្រុម គ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកជំទាវបណ្ឌិត និងក្រុមគ្រួសារ មេត្តាទទួលនូវមនោសញ្ចេតនាប្រកបដោយសមានទុក្ខដ៏ សែនក្រៀមក្រំបំផុតពីខ្ញុំ៕

ដោយ ៖ សិលា


ចែករំលែក៖