ព័ត៌មានទាន់ហេតុការណ៍៖

អតីតអភិបាលរងខេត្តបន្ទាយមានជ័យឧកញ៉ា អ៊ឹម ភ័ណ្ឌសុផល ចេញសែកអត់សាច់ប្រាក់៣០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ លោកឧកញ៉ា អ៊ឹម ភ័ណ្ឌសុផល អតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងបច្ចុប្បន្នបម្រើការនៅក្រសួងមហាផ្ទៃរងនូវការចោទប្រកាន់ថា បានចេញសែកអត់ប្រាក់ចំនួន៣០ម៉ឺនដុល្លារ ហើយត្រូវតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៨ ខែសីហា ផ្ញើនៅអាវុធហត្ថរាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ារូបនេះចូលខ្លួន មកឆ្លើយបំភ្លឺជាលើកទី២ ហើយលើកទី១ មិនបានចូលខ្លួននោះ ។

លោកឧកញ៉ា អ៊ឹម ភ័ណ្ឌសុផល ត្រូវបានជនរងគ្រោះឈ្មោះ លី ហាក់ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅផ្ទះលេខ១៧៣ ផ្លូវលេខ១៣០ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្តឹងពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងរំលោភលើទំនុកចិត្តប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ លើទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ ។ នៅក្នុងពាក្យបណ្តឹង លោក លី ហាក់ បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ លោកឧកញ៉ា អ៊ឹម ភ័ណ្ឌសុផល ដែលជាអ្នករាប់អានជាមួយគាត់ដ៏ស្និទ្ធស្នាលបំផុត បានមកលួងលោម ខ្ចីប្រាក់ចំនួន៣០ម៉ឺនដុល្លារ ដែលអះអាងថា ត្រូវការចាំបាច់ជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហា និងទិញរថយន្តចំនួន១០គ្រឿង ។

លោកលី ហាក់ បន្តថា ឧកញ៉ា អ៊ឹម ភ័ណ្ឌសុផល បានប្រាប់គាត់ថា ប្រាក់តម្រូវការនេះមានចំនួនច្រើន ដូច្នេះសុំខ្ចី ចំនួន៣០ម៉ឺនដុល្លារនេះ និងកំណត់សងវិញនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។ លុះដល់ថ្ងៃកំណត់ដូចខាងលើ ឧកញ៉ា អ៊ឹម ភ័ណ្ឌសុផលបានប្រាប់គាត់ថា មានប្រាក់ត្រឹមតែ៣០ម៉ឺនដុល្លារប៉ុណ្ណោះ ហើយនៅសល់ប៉ុន្មាន សុំ១សប្តាហ៍ទៀតនឹងសងបង្គ្រប់ចំនួន៨២.៥៥៤ដុល្លារទៀត ។ ពេលនោះ គាត់ក៏បានប្រគល់សែកមួយសន្លឹកលេខ ៤២៣៦០៨ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ចុះនិទ្ទេសទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ ។

លោកលី ហាក់បញ្ជាក់ក្នុងបណ្តឹងថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ គាត់ក៏បានយកខែកមួយសន្លឹកនេះទៅបើកនៅធនាគារខាងលើ ប៉ុន្តែបុគ្គលិកធនាគារបញ្ជាក់ថា សែកនេះ មិនមានសាច់ប្រាក់ ទើបនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ គាត់ក៏បានដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងរំលោភលើទំនុកចិត្ត ។ បណ្តឹងនេះ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ទើបធ្លាក់ដល់ដៃតំណាង អយ្យការ ហើយតុលាការបានកោះហៅគាត់ លើកទី១មិនព្រមចូលខ្លួន ទើបលើកទី២ ត្រូវបានខាងអយ្យការឃាត់ខ្លួនបណ្តោះអាសន្ន ផ្ញើនៅអាវុធហត្ថរាជធានីភ្នំពេញកាលពីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ដើម្បីបន្តនីតិវិធីនៅព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ហើយក៏ពុំទាន់ដឹងថា ខាងតំណាងអយ្យការ នឹងចោទប្រកាន់ឬមួយយ៉ាងណានោះទេ ។ ពាក់ព័ន្ធករណីនេះ លោក លី សុផាន់ណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការបានបញ្ជាក់ថា លោកមិនទាន់ដឹងរឿងនេះនៅឡើយទេ ចាំមើល គាត់សួរទៅកាន់ប្រធានលេខាធិការដ្ឋានថា តើរឿងនេះឃាត់នៅអយ្យការ ឬឃាត់នៅខាងណា ។

គួរបញ្ជាក់ផងដែរថា ឧកញ៉ា អ៊ឹម ភ័ណ្ឌសុផល អតីតអភិបាលរងខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២១៩ ED ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា ដែលបច្ចុប្បន្នធ្វើការនៅក្រសួងមហាផ្ទៃ គាត់បានលួងលោមខ្ចីប្រាក់ទាំងនេះអាចជាសាច់ប្រាក់សុទ្ធ ទើបពេលប្រគល់ឲ្យជនរងគ្រោះ គាត់បានអះអាងថា គាត់មិនចង់យកប្រាក់សុទ្ធដ៏ច្រើនបែបនេះមកឲ្យទេ គឺយកជាសែកនេះចុះ ប៉ុន្តែដល់ពេលសាមីខ្លួនទៅបើក សែកមួយសន្លឹកនេះគ្មានសាច់ប្រាក់ ទើបឈានដល់មានបណ្តឹង និងឃាត់ខ្លួន ៕ សុខ ខេមរា

bpol


ចែករំលែក៖