ព័ត៌មានទាន់ហេតុការណ៍៖

គណ:ប្រតិភូក្រសួងយុត្តិធម៌ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ គណ:ប្រតិភូក្រសួងយុត្តិធម៌ដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងយកសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយលោកជំទាវ ខៀវ ស៊ីណា ចំពោះមរណភាពរបស់ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាព នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ 

ឯកឧត្តម ឧបកនាយរដ្ឋមន្រ្តី ពិតជាមានសេចក្តីតក់ស្លុត និងរន្ធត់ចិត្តឥតឧបមា ក្រោយពីបានទទួលដំណឹងក្រៀមក្រំជាទីបំផុតថា ឯកឧត្តម ជា ចាន់តូ បានទទួលមរណភាព។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម ឧបកនាយរដ្ឋមន្រ្តី សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកជំទាវ ខៀវ ស៊ីណា ព្រមទាំងក្រុមគ្រួសារទាំងអស់ ចំពោះការបាត់បង់រូបឯកឧត្តម ជា ចាន់តូ ដែលជា ស្វាមី លោកឪពុក លោកឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃចំពោះក្រុមគ្រួសារ។ ជាពិសេសជាការបាត់បង់នូវឥស្សរជនថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ដែលមានឆន្ទៈ មនសិការ ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈ ព្រមទាំងបានបូជាកម្លាំងកាយចិត្ត បញ្ញា ស្មារតី និងលះបង់ពេលវេលា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ប្រកបដោយឧត្តមគតិខ្ពស់ និងតម្កល់ផលប្រយោជន៍ជាតិជាធំ។ 

ឯកឧត្តម ឧបកនាយរដ្ឋមន្រ្តី សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ បានទៅកាន់សុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕ 

ដោយ ៖ សិលា


ចែករំលែក៖