ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំខេត្តបាត់ដំបង រៀបចំកម្មវិធីបោះជំរំប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវតីយើង អនាគតអ្នកដឹកនាំយើង»

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកស្រី ម៉េត រ៉ាវីចិត្រ សុខ លូ ប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤  ម្សិលមុិញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការបោះជំរុំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តបាត់ដំបងក្រោមប្រធានបទ “យុវតីយើង អនាគតអ្នកដឹកនាំយើង” (Our Girls Our Future Leaders) ដែលធ្វើឡើងនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកស្រី កែវ ដាណា ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង លើកឡើងថា សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង ដែលមានសមាជិកគាំទ្រចំនួន៨០ រូប និងសមាជិកសកម្ម និងគ្រូបង្គោលសរុបចំនួន១២០រូប បានរួមគ្នាក្នុងការបំពេញការងារស្របតាមទស្សនៈវិស័យ បេសកកម្ម និងទិសដៅរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍ថាមពលកុមារី យុវតី ឱ្យក្លាយទៅជាពលរដ្ឋល្អដែលមានទំនួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ។

ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះសាខាខេត្តបាត់ដំបងបានរៀបចំនូវកម្មវិធីជាច្រើនស្របទៅតាមគោលការណ៍សកម្មភាពទាំង៥របស់សមាគម គឺកម្មវិធីអប់រំបណ្ដុះបណ្ដាល កម្មវិធីបរិស្ថាន កម្មវិធីសិល្បៈហត្ថកម្ម កម្មវិធីសុខភាព និងសុវត្ថិភាព និងកម្មវិធីចូលរួមសកម្មភាពផ្សេងៗលើសពីនេះសមាជិកាសកម្មរបស់សាខាខេត្តក៏បានទទួលឱកាសក្នុងការចូលរួមកម្មវិធីជាអន្តរជាតិនានា នៅក្រៅប្រទេសផងដែរ។

លោកស្រី កែវ ដាណា លើកឡើងបន្ថែមថា ការបោះជំរំប្រចាំឆ្នាំ ជាសកម្មភាពចម្បងមួយរបស់កម្មវិធីការចូលរួមសកម្មភាពនានារបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលតែងតែប្រារព្ធអំឡុងពេលចុងឆ្នាំ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅក្នុងឆ្នាំ២០២៤នេះ សាខាខេត្តបាត់ដំបងបានទទួលនូវកិត្តិយសរៀបចំការបោះជំរំប្រចាំឆ្នាំនៅលើទឹកដីនៃខេត្តផ្ទាល់។ដែលនេះគឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់លោកស្រីបណ្ឌិត អគ្គស្នងការ ដើម្បីឲ្យប្អូនៗសមាជិកាសកម្មបានចូលរួម និងបានរៀនសូត្រគ្រប់ៗគ្នាអំពីការបោះជំរំ។ការបោះជំរំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តបាត់ដំបង ត្រូវបានធ្វើឡើងក្នុងរយៈពេល ៣យប់ ៤ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៤ នៅក្នុងរីសត ហែបភីណែសឡុងប្រ៊ីត ស្ថិតនៅក្នុងស្រុកសំឡូត។ ចំពោះសកម្មភាពចម្បងៗនៅក្នុងការបោះជំរំ គឺផ្ដោតលើសកម្មភាពការងារជាក្រុម ការកម្សាន្ត រៀនពីបំណិនជីវិត បណ្ដុះស្មារតីជាក្រុម និងការដឹកនាំ និងចុងក្រោយគឺការយល់ដឹងអំពីអត្ថន័យនៃការដុតភ្លើងគប់ជំរំ។ 

លោក សុខ លូ ថ្លែងឱ្យដឹងថា ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា សិទ្ធិនារីត្រូវបានលើកកម្ពស់បន្ថែមទៀត ហើយការបង្កើតសមាគមកាយឫទ្ធិនារីកម្ពុជាកាន់តែជួយលើកតម្កើងតម្លៃយុវតីឱ្យក្លាយជាអ្នកដឹកនាំបន្តវេននៅថ្ងៃអនាគត។

លោក សុខ លូ បង្ហាញក្ដីសង្ឃឹមថា សម្រាប់ឆ្នាំបន្តបន្ទាប់ទៀតសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង នឹងធ្វើការបោះជំរំជាលក្ខណៈទ្រង់ទ្រាយធំដោយមានការចូលរួមពីយុវតីកាន់តែច្រើនឡើង ខណៈការបោះជំរំនេះធ្វើឡើងដើម្បីពង្រឹងប្រាជ្ញាស្មារតី និងភាពក្លាហានរបស់យុវតីឱ្យក្លាយជាអ្នកដឹកនាំបន្តវេន ព្រមទាំងផ្ដល់ឱកាសឱ្យយុវតីបានយល់ដឹងបន្ថែមទៀតពីរបៀបរស់នៅជាមួយនឹងធម្មជាតិ បំណិនជីវិត ការធ្វើការងារជាក្រុម និងទទួលបានបទពិសោធន៍ចំណេះដឹងថ្មីៗបន្ថែមទៀតដើម្បីយកទៅអភិវឌ្ឍចំណេះដឹង៕

ដោយ ៖ សិលា


ចែករំលែក៖