ព័ត៌មានទាន់ហេតុការណ៍៖

ការបោះឆ្នោតសភាមុនអាណត្តិ៖ ក្រុមចម្រុះរបស់នាយករដ្ឋមន្ត្រី លោក Ishiba បាត់បង់សំឡេងភាគច្រើន

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថាគណបក្សចម្រុះកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាជាន់ទាប បន្ទាប់ពីការបោះឆ្នោតសភាមុនអាណត្តិកាលពី ថ្ងៃអាទិត្យ ទី២៧ ខែតុលា ដែលនេះបានបង្កឱ្យមានភាពមិនច្បាស់លាស់នៅក្នុងការបង្កើតរដ្ឋាភិបាលថ្មី។
លោក Shigeru Ishiba បានអំពាវនាវឱ្យមានការបោះឆ្នោតសភាមុនអាណត្តិ តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីជប៉ុនកាលពីថ្ងៃទី១ ខែតុលា ក្នុងគោលបំណងជំរុញ ប្រជាប្រិយភាពរបស់លោក ចំពោះមុខការធ្លាក់ចុះប្រជាប្រិយភាពនៃគណបក្សប្រជាធិបតេយ្យសេរី LDP របស់លោកដែលបាន និងកំពុងរួមរឹតដោយរឿងអាស្រូវពុករលួយ។ ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៥៥ គណបក្ស LDP បានកាន់អំណាចនៅប្រទេសជប៉ុន សឹងជាប់មករហូត លើកលែងតែកាលពីចន្លោះឆ្នាំ១៩៩៣-១៩៩៤ និង២០០៩-២០១២។
ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK និងបណ្ដាប្រព័ន្ធមានក្នុងស្រុកជាច្រើនទៀតបានចេញផ្សាយរបាយការណ៍ស្ទង់មតិដែលបង្ហាញគណបក្ស LDP និងគណបក្សជាដៃគូ គឺគណបក្ស Komeito អាចនឹងធ្លាក់ចុះសំឡេងភាគច្រើននៅសភាជាន់ទាបជប៉ុន។ ជាក់ស្ដែង ដូចការស្ទង់មតិពិតមែន លទ្ធផលបោះឆ្នោតបានបង្ហាញថាគណបក្សចម្រុះកាន់អំណាចរបស់លោក Ishiba ទទួលបានអាសនៈនៅក្នុងសភាជាន់ទាបត្រឹមតែ ២១៥អាសនៈប៉ុណ្ណោះ ពោលគឺតិចជាង ២៣៣អាសនៈជាសំឡេងភាគច្រើនចាំបាច់ក្នុងចំណោមអាសនៈសរុប៤៦៥ ខណៈមុនការបោះឆ្នោតគណបក្សចម្រុះនេះមានអាសនៈ នៅក្នុងដៃ ២៧៩។ ចំណែក គណបក្សប្រឆាំង គឺគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ (CDPJ) បានទទួលអាសនៈ១៤៨ បើធៀបទៅនឹងមុនការបោះឆ្នោតមាន៩៨អាសនៈ។
នេះគឺជាលទ្ធផលបោះឆ្នោតដ៏អាក្រក់បំផុតសម្រាប់គណបក្ស LDP ក្នុងពេលជាង១៥ឆ្នាំមកនេះ។ ការបោះឆ្នោតសកលលើកចុងក្រោយកាលពីឆ្នាំ២០២១ គណបក្សនេះបានឈ្នះអាសនៈ ចំនួន ២៥៩ឯណោះ ស្របពេលបក្ស Komeito ជាដៃគូទទួលបាន៣២អាសនៈ៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖