ភ្នំពេញ៖ យុវជនពីរនាក់ត្រូវជន រងគ្រោះ និងប្រជាពលរដ្ឋចាប់វាយទ្រមខ្លួនទើបដោះលែងឲ្យមានសេរីភាពឡើងវិញ ដោយមិនយកទៅប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់នោះទេ គ្រាដែលយុវជនពីរនាក់បានធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទគេតែមិនបានសម្រេច ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០១៦ នៅផ្លូវលេខ ៣១៧ សង្កាត់ទំនប់ទឹកខណ្ឌ ចំការមន ។
យុវជនពីរនាក់នេះមិនត្រូវបានគេស្គាល់ឈ្មោះ និងអាសយដ្ឋានទេ ព្រោះក្រោយ កើតហេតុប្រជាពលរដ្ឋចាប់បានវាយម្នាក់មួយដៃមួយជើងទ្រមខ្លួនរួចដោះលែងឲ្យមានសេរីភាព សូម្បីនគរបាលមូលដ្ឋានក៏ទៅមិនទាន់ដែរ ។
សាក្សីឃើញហេតុការណ៍នេះ បាន និយាយថា មុនពេលកើតហេតុជនរងគ្រោះពីរនាក់ជិះម៉ូតូឌុបគ្នាដល់មុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក៏ត្រូវយុវជនពីរនាក់ខាងលើជិះម៉ូតូស្គូពី ពណ៌សឌុបគ្នាមកជិតរួចឆក់យកទូរស័ព្ទដៃពីជនរងគ្រោះអង្គុយខាងក្រោយដែលកំពុងទូរស័ព្ទទៅកាន់មិត្តភក្តិ ។ ពេលនោះជនរងគ្រោះជិះដេញពីក្រោយស្រែកថាចោរៗ រហូតដល់ខាងក្រោយវិទ្យាស្ថានវ៉ានដា គណនេយ្យ ជនសង្ស័យភ័យក៏ ដួលម៉ូតូធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនាំគ្នាចាប់បានវាយម្នាក់មួយដៃ ម្នាក់មួយជើងរហូតសល់ដង្ហើមចង្រឹតទើបជនរងគ្រោះសម្រេចឲ្យដោះលែងទៅ ព្រោះយកបាន ទូរស័ព្ទមកវិញ ។
សាក្សីបានឲ្យដឹងទៀតថា ក្នុងសកម្មភាពវាយជនសង្ស័យមាន រយៈពេលជាង២០នាទី គេមិនឃើញ សមត្ថកិច្ច មូលដ្ឋានទៅជួយអន្តរាគមន៍ នោះទេ លុះប្រជាពលរដ្ឋដោះលែងជន សង្ស័យទៅបាត់ ទើបឃើញនគរបាលប៉ុស្តិ៍ទំនប់ទឹកទៅដល់សួររកជនសង្ស័យ និង ជនរងគ្រោះ ដែលករណីនេះនាំឲ្យមានការរិះគន់ថាសមត្ថកិច្ចមូលដ្ឋានមួយនេះមានភាពកម្សោយខ្លាំងណាស់ ចុះប្រសិនបើជនសង្ស័យមិនបានប្រព្រឹត្តបទល្មើស ហើយគេចោទប្រកាន់ខុសការពិតដែលធ្វើប្រជាពលរដ្ឋទប់កំហឹងមិនបានវាយទាល់តែស្លាប់ទៅ តើទៅជាយ៉ាងណា?ស រស្មី