ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េបានជួប សម្តែងការគួរសមជាមួយសម្តេចប្រធាន រដ្ឋសភាដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានកាន់តែល្អថែមទៀត។ នៅក្នុងជំនួបសម្តែងការគួរ សមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន នាព្រឹកថ្ងៃ ទី១៨ ខែសីហា ឆ្នាំ ២០១៦នេះ នៅវិមានរដ្ឋសភាលោក ចាង យុនហ្គន់ (Jang Yun Gon) ឯកអគ្គរដ្ឋទូតថ្មីកូរ៉េខាងជើងប្រចាំកម្ពុជាបានបញ្ជាក់ថាមិត្តភាពរវាងកូរ៉េខាងជើងនឹងកម្ពុជាមានលក្ខណៈពិសេសដោយបានកសាងឡើង តាំងពីលោកសេនាប្រមុខ គីម អីុលស៊ុង និងសម្តេចព្រះបរមរតនកោដ្ឋមកម៉្លេះ។
លោកបានប្តេជ្ញាថា ខិតខំធ្វើការងារការទូតដើម្បីជំរុញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការនិងចំណងសាមគ្គីភាពរវាងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េជា មួយកម្ពុជា ពិសេសស្ថាប័ននីតិប្បញ្ញត្តិ ប្រទេសទាំង២ឱ្យកាន់ជិតស្និទ្ធ។
សម្តេចពញាចក្រី ហេង សំរិន បានស្វា គមន៍និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតប្រទេសទាំង២កម្ពុជា-សាធារណ រដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េដែលបានបន្តពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរហូតដល់សព្វថ្ងៃ។ សម្តេច ពញាចក្រីបានអបអរសាទរការវិវត្តរីក ចម្រើនរបស់ប្រទេសកូរ៉េនិងបានគាំទ្រ បេសកកម្មការទូតរបស់លោកចាង យុន ហ្គន់ នៅកម្ពុជា។
សម្តេចបានអះអាងថា នឹងធ្វើកិច្ចសហប្រតិបត្តិការពេញលេញជាមួយអ្នកការទូតកូរ៉េរូបនេះ ដើម្បីឱ្យបេសកកម្មការងារការទូតរបស់លោកចាង យុនហ្គន់ ទទួលបាន ជោគជ័យនៅកម្ពុជា។តាមរយៈឯកអគ្គរដ្ឋទូតថ្មីកូរ៉េរូបនេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានអញ្ជើញសភាកូរ៉េឱ្យមក ចូលរួមមហាសន្និបាតអេភីអេលើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០១៦នេះផងដែរ៕ ហេង សូរិយា
សូមអានបន្តទៀត ៖ មេគយ ឆែ សុធា ឃុបឃិតនឹងឈ្មួញនាំទំនិញគេចពន្ធហូរចូលទាំងច្រកអន្តរជាតិ និងច្រករបៀង