ព័ត៌មានទាន់ហេតុការណ៍៖

មេគយ ឆែ សុធា ឃុបឃិតនឹងឈ្មួញនាំទំនិញគេចពន្ធហូរចូលទាំងច្រកអន្តរជាតិ និងច្រករបៀង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ទំនិញជាច្រើនប្រភេទនាំចូលតាមច្រកទ្វារអន្តរជាតិ ក៏ដូចជាច្រករបៀងជាច្រើនទៀតនៅខេត្តបន្ទាយមានជ័យ ត្រូវបានរត់ពន្ធធ្វើឲ្យរដ្ឋត្រូវបាត់បង់ចំណូល ប៉ុន្តែអំពើរត់ពន្ធនេះ ទទួលផលនៃប្រភពសេដ្ឋកិច្ចលក្ខណៈបុគ្គល បក្ខពួករបស់លោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាការខេត្តបន្ទាយមានជ័យ ដែលគេនិយមនិយាយថា អំពើពុករលួយនេះ កើតឡើងជាលក្ខណប្រព័ន្ធ តូចទទួលផលតូច ថ្នាក់លើទទួលកម្រៃក្រាស់ រួមគ្នាហែកយកប្រយោជន៍រាល់បទល្មើសទំនិញគេចពន្ធហូរចូល ។

គេបានរាយការណ៍មកថា គ្រាន់តែពីទីរួមខេត្តបន្ទាយមានជ័យទៅកាន់ក្រុងប៉ោយប៉ែត ក្នុងចម្ងាយដីជាង៤០គីឡូម៉ែត្រ គឺមានកុងត្រូលរបស់ក្រុមគយចល័ត កូនចៅលោក ឆែ សុធា ចំនួន៣កន្លែង ស្ថិតនៅចំណុចសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត នៅចំណុចសាលាក្រហម ស្រុកអូរជ្រៅ និងនៅក្បែរមន្ទីរសាធារណការ និងដឹកជញ្ជូនក្នុងទីរួមខេត្ត ។ រូបភាពនៃការដាក់ក្រុមគយចល័តទាំងនេះ ក្នុងវិធានការទប់ស្កាត់ទំនិញគេចពន្ធ ប្រយោជន៍ប្រមូលពន្ធជូនរដ្ឋ ប៉ុន្តែធាតុពិត មិនខុសពីកុងត្រូលជជុះ ជាទម្លាប់រាប់ក្បាលឡានដឹកទំនិញ គិតតាំងពីរថយន្តប្រភេទតាក់ស៊ីតូចតាច រថយន្តក្រុងដឹកអ្នកដំណើរ រថយន្តធុនធំ ជាមួយនឹងការដឹកជញ្ជូនសាច់មាន់ ជ្រូក ផ្លែឈើជាច្រើនទៀត ត្រូវតែមានវត្តមានចូលបង់ប្រាក់ ឬចាត់ចែងទទួលកម្រៃប្រចាំខែជាដើម ។

គេបានបញ្ជាក់ថា ក្រុមគយចល័តនៅចំណុចសាលាក្រហមស្រុកអូរជ្រៅ គឺជាក្រុមប្រដេញ សម្រាប់ចាប់រថយន្តណាមួយ ដែលមិនបានចូលបង់លុយ និងកើតទៅជារឿងអាស្រូវបញ្ហាជាញឹកញាប់ជាមួយនឹងក្រុមអ្នករត់តាក់ស៊ី ដែលពួកគាត់ចោទប្រកាន់ថា ជាន់កតែអ្នករត់តាក់ស៊ី ដាក់ទំនិញបន្តិចបន្តួចសម្រាប់ដោះស្រាយក្រពះ ប៉ុន្តែចំពោះរថយន្តធំៗ ក៏ដូចជាឈ្មួញខ្សែក្រាស់ៗ គ្មានឃើញវត្តមានមន្ត្រីគយទាំងនោះចាត់វិធានការឡើយ ។

ច្រកអន្តរជាតិប៉ោយប៉ែត ច្រកម៉ាឡៃ ច្រកអូរបីជាន់ ជាមួយនឹងច្រកបឹងត្រកូនផងដែរ ពិតជាមានទំនិញគេចពន្ធហូរចូលជាហូរហែ ដែលសកម្មភាពល្មើសច្បាប់ខ្លះ ត្រូវបានគេសង្ស័យថា ជាប់ពាក់ព័ន្ធទៅនឹងផលប្រយោជន៍របស់មន្ត្រីគយក្រោមឱវាទលោក ឆែ សុធា ក៏ដូចជាមានករណី បើកភ្លើងខៀវពីលោកមេគយរូបនេះ ។ ក្រៅពីនោះ នៅមានច្រករបៀងជិត១០០កន្លែងទៀត ត្រូវបាននាំចូលទំនិញគេចពន្ធប្រភេទជាហ្គាស ភេសជ្ជៈ ស្រាបៀរ ទំនិញចាប់ហួយ ប្រហិត ត្រី សាច់មាន់ ជ្រូក មួយចំនួនធំ សុទ្ធតែខូចគុណភាព និងប្រើសារធាតុគីមី អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនៅក្នុងស្រុកបរិភោគផងដែរ ។ គេបានបញ្ជាក់ផងដែរថា ចំពោះច្រកអូរបីជាន់ មានការហូរចូលប្រភេទឈើគ្រញូងពីថៃ និងច្រកបឹងត្រកូនលួចនាំចូលឡានចង្កូតស្តាំជាញឹកញាប់ ។

ពាក់ព័ន្ធការលើកឡើងខាងលើនេះ លោក ឆែ សុធា បានបដិសេធចោលទាំងស្រុងតាមទូរស័ព្ទនារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ លោកបានបញ្ជាក់ថា ខ្ញុំទទួលស្គាល់ថា មានខ្លះដែរ តាមច្រករបៀង ពីព្រោះមានច្រើនកន្លែង ម្យ៉ាងទៀតរឿងនេះ ប្រជុំគណៈបញ្ជាការខេត្តព្រឹកមិញ ក៏ខ្ញុំសំណូមពរទៅកាន់អាជ្ញាធរខេត្ត ក៏ដូចជានគរបាលវរៈការពារព្រំដែននីមួយៗ មេត្តាជួយសហការទប់ស្កាត់ ។ ដោយឡែក នៅច្រកបឹងត្រកូននោះ ខ្ញុំសូមបញ្ជាក់ថា មិនមានទេ ឡានចង្កូតស្តាំហូរចូលនោះ ។

ក្នុងករណីដែលប្រភពខ្លះត្រូវទម្លាយថា មានទំនិញគេចពន្ធជាច្រើនបង្កប់តាមរថយន្តក្រុងធំៗ កើតមានជាហូរហែតាំងពីមុនមក និងបច្ចុប្បន្ននេះ លោកឆែ សុធា បានគូសបញ្ជាក់ថា រឿងទំនិញគេចពន្ធតាមឡានក្រុងនោះ មានមែន តែតិចតួចទេ ម្យ៉ាងទៀត ខ្ញុំក៏បានណែនាំក្រុមហ៊ុនរថយន្តក្រុងបញ្ឈប់ការដឹក ដូច្នេះពួកគាត់បានស្តាប់ ហើយឈប់ដឹកជញ្ជូន បើមាន មានតែដឹកអ្នកដំណើរប៉ុណ្ណោះ ។

គេបានរាយការណ៍ថា រថយន្តក្រុងក្រុមហ៊ុនថោងស៊ីង ដឹកអ្នកដំណើរ គឺចេញមុខដឹកទំនិញគេចពន្ធស្ទើរទាំងស្រុង អ្នកដំណើរតិចតួចបំផុត បន្ទាប់ពីក្រុមហ៊ុននេះមានអ្នករត់ការណ៍ផ្លូវសម្រាប់សមត្ថកិច្ចគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេស គយ នេះតែម្តង បង់តាំងពីមាត់ច្រក គយចល័តគ្រប់កន្លែង និងគយសាខាខេត្ត ក្នុងមួយថ្ងៃៗរាប់សិបឡាន ដោយមានឈ្មួញ ចាំទទួលទំនិញទាំងនោះនៅរាជធានីភ្នំពេញ ដោយគ្រាន់តែយកម៉ូតូកង់បីដាក់ឃ្លុបជិតទៅដឹកជញ្ជូនចេញពីរថយន្តក្រុងយ៉ាងប្រសេកប្រសាចពេលទៀបភ្លឺនៅឯបេនឡាន នាក្រុងភ្នំពេញ ។ សមត្ថកិច្ច និងមន្ត្រីរាជការខ្លះដែលបានដឹងរឿងនេះ ពួកគាត់គិតថា រដ្ឋនឹងត្រូវបាត់បង់ចំណូលពន្ធនាំចូល កើតឡើងដោយមន្ត្រីគយពុករលួយ ខ្វះភាពទទួលខុសត្រូវតាមភារកិច្ច តួនាទី ដូច្នេះគួរណាស់តែថ្នាក់លើពង្រឹងអំពើពុករលួយនេះ មិនមែនមានន័យថា ការដឹកកុងត្រូលជជុះរបស់គយចល័តច្រើនកន្លែង ជាប្រសិទ្ធភាពសម្រាប់ទប់ស្កាត់ទំនិញគេចពន្ធ ឬរកចំណូលពន្ធកើនឡើងចូលរដ្ឋទេ មានតែសកម្មភាពនៃអំពើគាបសង្កត់ឈ្មួញរកស៊ីទៀងត្រង់ និងចាំរាប់ក្បាលឡានដឹកទំនិញ ឬចាំប្រដេញរថយន្តដឹកទំនិញ ដែលមិនចូលបង់លុយតែប៉ុណ្ណោះ ។ បញ្ហាទាំងអស់នេះ បានប្រឈមទៅនឹងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋតាមមូលដ្ឋាន អ្នកធ្វើដំណើរ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែល
មើលឃើញថា កម្ពុជាមានសន្តិភាព ប្រទេសគ្រប់គ្រងដោយច្បាប់ មិនត្រូវមានក្រុមគយចល័តដ៏ប្រសេកប្រសាច គ្រាន់តែដីជាង៤០គីឡូម៉ែត្រសោះ ដាក់ក្រុមគយចល័ត បន្តកន្ទុយគ្នាដូចខ្យង សុទ្ធតែជាអំពើពុករលួយ ៕ សុខ ខេមរា

លោក ឆែ សុធា

លោក ឆែ សុធា


ចែករំលែក៖