ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១៦ នៅទីស្តីការគណៈរដ្ឋ មន្ត្រីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ទទួលបន្ទុកកិច្ចការបរទេសបាន ជួបពិភាក្សាការងារជាមួយលោក វីលៀម ហៀត(William A. Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ។
ក្រោយពីជំនួបពិភាក្សាលោក ថៃ វណ្ណា ទីប្រឹក្សាលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា នៅក្នុងជំនួប នោះភាគីទាំង២បានពិភាក្សាលើកិច្ចពង្រឹងសហប្រតិបត្តិការរវាងប្រទេសទាំង២ ។
លោក វីលៀម ហៀត ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជាបានជម្រាបលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថា ប្រទេសកម្ពុជាត្រូវបានសហរដ្ឋអាមេរិកដំឡើងឋាៈមួយកម្រិតទៀតនៃការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែង អំណរគុណដល់អាមេរិកដែលបានដំឡើងឋានៈដល់ប្រទេសកម្ពុជា ព្រោះកន្លងមក ប្រទេសកម្ពុជាបាននិងកំពុងខិតខំទប់ស្កាត់ការរត់ពន្ធ ការជួញដូរមនុស្សខុសច្បាប់ ។ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយរដ្ឋាភិបាលចិន ម៉ាឡេស៊ី ថៃដើម្បីសហការទប់ស្កាត់ការរត់ពន្ធមនុស្សនៅក្នុងអំឡុងពេលដែលលោកឧបនាយករដ្ឋមន្ត្រីធ្វើជារដ្ឋ មន្ត្រីក្រសួងការបរទេស ។
លោក វីលៀម ហៀត បានជម្រាបលោក ឧបនាយករដ្ឋមន្ត្រីថា នៅពេលអនាគតអ្នកវិនិយោគទុនអាមេរិកនឹងមកបើករោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ កាបូប និងស្បែក ជើងនៅកម្ពុជា ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរគុណដល់អាមេរិកដោយបានបញ្ជាក់ថា កន្លងមកកម្ពុជាទទួលអ្នក វិនិយោគទុនចិនចូលមកបណ្តាក់ទុនវិនិយោគរោងចក្រនានានៅកម្ពុជា ហើយ
កម្ពុជាបានសហការជាមួយបណ្តាប្រទេសផ្សេងៗទៀតរួមទាំងអាមេរិកផងដែរ។ ជាមួយគ្នានោះដែរលោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណផងដែរដល់រដ្ឋាភិ បាលអាមេរិកដែលបានទទួលទិញសម្លៀក បំពាក់និងស្បែកជើងពីកម្ពុជាដែលជួយឲ្យមានការកើនឡើងសេដ្ឋកិច្ចកម្ពុជា ។
សូមបញ្ជាក់ថា ដោយការជឿជាក់លើ រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលអាមេរិកបានជំរុញអ្នកវិនិយោគទុនអាមេរិកឲ្យចូលមកបង្កើតរោងចក្រផ្នែកវាយនភណ្ឌ និង ផលិតស្បេកជើងនៅកម្ពុជាចំនួន៥០រោង ចក្រលើកដំបូងនៅកម្ពុជា ៕ ហេង សូរិយា