ខេត្តព្រះសីហនុ ៖ ជនសង្ស័យ៣នាក់ត្រូវ បានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសហការជាមួយនឹងនគរបាលក្រុងព្រះសីហនុចាប់ខ្លួនបន្ទាប់ពីលួចយកសម្ភារជនបរទេសនៅពេលដែលជនបរទេសទាំងនោះនាំគ្នាចុះទៅមុជទឹកលេងនៅ ចំណុចឆ្នេរពយតាមូង។ ករណីចាប់ខ្លួន ជនសង្ស័យលួចសម្ភារជនបរទេសខាងលើនេះសមត្ថកិច្ចបានធ្វើឡើងកាលពីវេលា ម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលក្នុង សង្កាត់លេខ៤ ក្រុង- ខេត្តព្រះសីហនុ។
មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពីលួចសម្ភារជនបរទេសនេះទី១-ឈ្មោះ ខៀវ សុផាត ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ក្នុងភូមិទី១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះ សីហនុ (ជននេះជាអ្នកលួច), ទី២-ឈ្មោះ ឈុំ ឆៃ ភេទប្រុស អាយុ២៨ឆ្នាំ គ្មានមុខរបរ និង ទីលំនៅពិតប្រាកដ និងទី៣-ឈ្មោះ នួន កុសល ភេទប្រុស អាយុ២៦ឆ្នំា មុខ របរប៉ះកង់ ស្នាក់នៅផ្ទះជួល ក្នុងភូមិ- សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុដែល អ្នកទាំង២នេះជាសហចារី ។
មន្រ្តីខាងលើបានបញ្ជាក់ថា ជាមួយការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានដកហូតកាបូបស្ពាយ១ ទូរស័ព្ទ២គ្រឿង លិខិតឆ្លង ដែន១ និងកំាបិត១ដើម ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត ដែលជារបស់ ជនបរទេសត្រូវក្រុមជនសង្ស័យលួចយក ពេលដែលជនបរទេសនាំគ្នាចុះមុជទឹកលេង ហើយទុកកាបូបស្ពាយនៅមាត់សមុទ្រ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹង ថា នៅមុនពេលមានចោរលួចសម្ភារជនបរទេសខាងលើនេះគេបានឃើញជនបរទេស មកមុជទឹកលេងនៅចំណុចឆ្នេរសមុទ្រពយតាមូង ស្ថិតនៅសង្កាត់លេខ៤។ ពេល នោះកាលបើឃើញភ្ញៀវទេសចរបរទេសចុះទៅមុជទឹកហើយនោះជនសង្ស័យឈ្មោះ ខៀវ សុផាត ក៏បានចូលទៅលួចសម្ភារដែល ទុកនៅក្នុងកាបូបបានសម្រេចរួចគេចខ្លួនបាត់ទៅ។ ក្រោយពីមានករណីលួចកាបូបនេះជនរងគ្រោះជាជនបរទេសមិនបានប្តឹងសមត្ថកិច្ចទេតែដោយសារមានការឆោឡោពីអ្នកឃើញជនសង្ស័យលួចទើបសមត្ថកិច្ចស្រាវជ្រាវរហូតឈានទៅចាប់ខ្លួនក្រុមជនសង្ស័យទាំង៣នាក់នេះតែម្តង ។
សមត្ថកិច្ចបានឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែសីហាថា សម្ភារដែលដកហូតពីជន សង្ស័យសមត្ថកិច្ចនៅពុំទាន់រកម្ចាស់ដែលជាជនរងគ្រោះឃើញនៅឡើយទេហើយសមត្ថកិច្ចបាននិងកំពុងតាមរកម្ចាស់ដើម្បីប្រគល់សម្ភារនេះទៅឲ្យជនរងគ្រោះវិញ។ ដោយឡែកជនសង្ស័យត្រូវបានសមត្ថកិច្ច ជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ឆ្លាមសមុទ្រ