ព័ត៌មានទាន់ហេតុការណ៍៖

ឆេះឃ្លាំងស្តុកជ័រទឹកមួយខ្នងដោយសារទុស្សេចរន្តអគ្គិសនី

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ឃ្លាំងស្តុកជ័រទឹក១ខ្នង មានទំហំ៨ម៉ែត្រគុណ៩ម៉ែត្រត្រូវភ្លើងឆេះអស់ទាំងស្រុងកាលពីវេលាម៉ោង៣និង ១០នាទីទៀបភ្លឺថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៦ នៅក្នុងភូមិគោកបេង សង្កាត់កំពង់ ប្រណាក ក្រុង-ខេត្តព្រះវិហារ ប៉ុន្តែមិនមាន អ្នករងរបួសឡើយ។ អគ្គិភ័យនេះបណ្តាលឲ្យខូចខាតអស់ជ័រទឹកចំនួន១០ហ្វុយនិង៨០ការុង ព្រមទាំងឈើប្រណីតប្រភេទធ្នង់ ចំនួន៤ម៉ែត្រគូបផង។ ឃ្លាំងស្តុកជ័រទឹកនេះមានម្ចាស់ឈ្មោះ ហេង ស្រូត ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរធ្វើអាជីវកម្មជ័រទឹក រស់នៅភូមិកើតហេតុខាងលើ ។

លោកឧត្តមសេនីយ៍ត្រី ហុង គឹមស្រៀង ស្នងការស្តីទីទទួលផែនភស្តុភារនិងហិរញ្ញវត្ថុនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា ឃ្លាំងស្តុកជ័រទឹកខាងលើនេះ ឆេះដោយសារទុស្សេចរន្តអគ្គិសនី ហើយពេលឆេះកម្លាំងនគរបាលពន្លត់អគ្គិភ័យបាន ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ២គ្រឿង ប្រើទឹកអស់ចំនួន៤រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បានដោយមិនឆេះឆ្លងដល់ផ្ទះអ្នកជិតខាងទេ ។

លោកស្នងការស្តីទីខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងផ្តល់ព័ត៌មានដល់ក្រុមការងារពន្លត់អគ្គិភ័យទាន់ពេលវេលាដើម្បីជួយ ធ្វើអន្តរាគមន៍បានទាន់ពេល ហើយមុនពេល ចេញពីផ្ទះត្រូវពិនិត្យភ្លើងក្នុងផ្ទះផង ៕ សហការី

aes (3)

aes (2)


ចែករំលែក៖