ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសម្រុកជួសជុល កែលម្អសួនកុមារវត្តភ្នំ និងផ្លាស់ប្ដូរសម្ភារៈថ្មីសម្រាប់ក្មេងលេងនិងសួនកុមារមុខវត្តបទុមវតី ឱ្យរួចរាល់មុនព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខនេះ ដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ និងបង្កលក្ខណៈ សប្បាយរីករាយដល់កុមារក៏ដូចឪពុកម្តាយដែលនាំកូនមកដើរលេងកម្សាន្តលំហែកាយក្នុងព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខនេះ រដ្ឋបាលរាជធានី ភ្នំពេញ បាននិងកំពុងមមាញឹកធ្វើការជួសជុល ផ្លាស់ប្តូរសម្ភារៈថ្មីសម្រាប់កុមារលេង ដោយកែលម្អសួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបទុមវតីឱ្យបានរួចរាល់មុនព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤,១៥,១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។
មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា៖ ដោយមានការគិតគូរយ៉ាងយកចិត្តទុកដាក់ពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកបានណែនាំឱ្យផ្នែកជំនាញរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈកុមារលេងដោយធ្វើការកែលម្អសួនកុមារវត្តភ្នំ និងសួនមុខវត្តបទុមវតីឱ្យបានស្អាត និងមានសោភណភាពល្អ ឡើងវិញសម្រាប់កុមារមកលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក ។
មន្ត្រីដដែលបានឱ្យដឹងទៀតថា សួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបទុមវតីនេះ កន្លងមកសម្ភារៈសម្រាប់ក្មេងលេងមានការសឹករេចរិលដូចជាបាក់ដុំបង្វិល និងរបករបេីកថ្នាំជាដេីម ចាំបាច់ត្រូវធ្វើការផ្លាស់ប្ដូរថ្មី ដែលសម្ភារៈខ្លះយើងធ្វើការជួសជុល ផ្នែកខ្លះយើងលាងសម្អាតបាញ់ថ្មាំឡេីងវិញឱ្យបានស្អាត និងមានសោភណភាពដូចថ្មី ។
មន្ត្រីជំនាញបានបញ្ជាក់ថា ការងារ ជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈកុមារលេង និងកែលម្អនៅសួនកុមារវត្តភ្នំ និងសួនមុខវត្តបទុមវតីនេះ បានចាប់អនុវត្តចាប់ពីថ្ងៃទី៣០ ខែតុលា ២០២៤ដែលក្រុមការងារកំពុងខិតខំឱ្យរួចរាល់មុនព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបសំពះ ព្រះខែ និងអកអំបុកដែលនឹងប្រព្រឹត្តទៅនាថ្ងៃ១៤ដល់១៦ វិច្ឆិកាខាងមុខនេះ ។
សូមបញ្ជាក់ថា៖ សួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបទុមវតីត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ កសាងឡើងកាលពីអំឡុងឆ្នាំ២០០៤-២០០៥ មកដល់ពេលនេះមានរយៈពេល ប្រមាណ២០ឆ្នាំហើយ ក្នុងពេលកន្លងមករដ្ឋបាលរាជធានីភ្នំពេញមានការជួសជុល ជាបន្តបន្ទាប់ដែរ តែសម្រាប់ឆ្នាំ២០២៤ នេះជួសជុលលក្ខណៈទ្រង់ទ្រាយធំ កន្លែងខ្លះត្រូវរេីចេញ និងដំឡើងថ្មីតែម្តង ៕

ដោយ ៖ សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច