នៅក្នុងកិច្ចប្រជុំនៅប្រទេសបេឡារុស្ស មន្ត្រីរុស្ស៊ី និងអ៊ុយក្រែនបានដោះដូរសាកសពទាហានចំនួន ៦០០នាក់និងពិភាក្សាអំពីបញ្ហាមនុស្សធម៌។
សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានផ្សាយថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ អ៊ុយក្រែនបាននិយាយថា ខ្លួនទទួលបានសាកសពទាហានចំនួន៥៦៣នាក់ ពីអាជ្ញាធររុស្ស៉ី ភាគច្រើនគឺកងទ័ពដែលបានស្លាប់ ក្នុងសមរភូមិនៅតំបន់ Donetsk ភាគខាងកើតប្រទេស។
ការដោះដូរឈ្លើយសឹកនិងសាកសពទាហានដែលបានបាត់បង់ជីវិត នៅបន្តស្ថិតក្នុងចំណោមកិច្ចសហប្រតិបត្តិការមួយចំនួនតូច រវាងអ៊ុយក្រែននឹងរុស្ស៉ី ចាប់តាំងពីសង្រ្គាមរវាងប្រទេសទាំងពីរ បានផ្ទុះឡើងកាលពីឆ្នាំ២០២២មក។ បើតាមអាជ្ញាធរអ៊ុយក្រែន សាកសពទាហាន៣២០នាក់ ក្នុងចំណោមនោះ ត្រូវបានប្រគល់មកពីតំបន់ Donetsk ខណៈ៨៩នាក់ បានស្លាប់នៅក្បែរទីក្រុង Bakhmut ជាទីក្រុងដែលរុស្ស៉ីដណ្តើមកាន់កាប់បាន កាលពីខែឧសភា ឆ្នាំមុន រីឯ១៤៥នាក់ផ្សេងទៀត ត្រូវបានប្រគល់មកពីតាមកន្លែងតម្កល់សាកសពបណ្តោះអាសន្ន នៅក្នុងប្រទេសរុស្ស៉ី។
ទាំងអ៊ុយក្រែននិងទាំងរុស្ស៉ី សុទ្ធតែមិនបានប្រកាសឱ្យដឹងជាសាធារណៈឡើយ នូវចំនួនពិតប្រាកដនៃកងទ័ពរបស់ខ្លួន ដែលបានបាត់បង់ជីវិត នៅក្នុងសង្រ្គាម៕
ដោយ៖ ធីរីណា(រូបថត៖ plo)