ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល (ខេត្តកែប) ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ខេត្តកែប ៖ នាព្រឹកថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់វិថីតេជោសន្តិភាពឆ្នេរអង្កោល (ខេត្តកែប) ដែលមានប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ANTHONY GILL តំណាងធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងវត្តមានរបស់ លោក លោកស្រី លោកឧកញ៉ា អ្នកឧកញ៉ា ឧញ៉ា ភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន លោកគ្រូ អ្នកគ្រូ ប្អូនៗសិក្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះផងដែរ។ 

ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្រ្តី បាន អរគុណជូនដល់ ធនាគារអភិវឌ្ឍន៍អាស៊ី ដែលកន្លងមក និងបច្ចុប្បន្ន តែងតែបានគិតគូរ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ឥណទានសម្បទាន ជំនួយឥតសំណង និងជំនួយបច្ចេកទេសជាបន្តបន្ទាប់ ព្រមទាំងការគាំទ្រនានាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ និងរីកចម្រើនបន្ថែមទៀត ជាពិសេសបានជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ការសាងសង់ប្រព័ន្ធលូចម្រោះសម្អាតទឹកកខ្វក់និងស្ថានីយបូមទឹក ការសាងសង់ ប្រព័ន្ធលូរំដោះទឹកភ្លៀង ការសាងសង់ទីតាំងកែច្នៃសំរាម និងការសាងសង់ទីលានទុកដាក់សំរាម នៅតាមទីប្រជុំជននិងក្រុងក្នុងបណ្ដាខេត្តសំខាន់ៗ រួមទាំងការរៀបចំផែនការមេ ការកសាងសមត្ថភាព និងការសិក្សាគម្រោងជាច្រើនទៀតផងដែរ។ លោករដ្ឋមន្រ្តី បានលើកឡើង ពីសារប្រយោជន៍នៃវិថីនេះដែលបាន និងកំពុងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រមាណជាង ៦ ០០០គ្រួសារ ក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗបានឆាប់រហ័ស និងមានសុវត្ថិភាព ជាពិសេសជួយទាក់ទាញសក្តានុពលទេសចរណ៍ និងជំរុញការអភិវឌ្ឍផ្សេងៗនៅតាមតំបន់ឆ្នេរមាត់សមុទ្រទាំងមូលឱ្យកាន់តែរីកចម្រើន និងល្អប្រសើរឡើងបន្ថែមទៀត។ វិថីនេះក៏បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា។ បន្ថែមពីនេះ វិថីនេះ ក៏ជាខ្សែផ្លូវតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍និងនេសាទនៅក្នុងឃុំអង្កោល និងលាតសន្ធឹងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង និងតភ្ជាប់ជាមួយផ្លូវខេត្តលេខ១៣៣២ ក្នុងទិសដៅទៅមក រវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត(ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និងតំបន់ផ្សេងៗទៀតនៅក្នុងខេត្តកែប។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់វិថីតេជោសន្តិភាពឆ្នេរអង្កោល មានប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាអនុគម្រោងនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២  ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ ចាប់ផ្តើមក្នុងខែមករា ឆ្នាំ២០២២ និងបញ្ចប់ក្នុងខែមករា ឆ្នាំ២០២៤ ដោយបានចំណាយថវិកាសរុបប្រមាណ ១០លានដុល្លារអាម៉េរិក ដែលជាកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ គម្រោងនេះត្រូវបានចាក់ក្រាលបេតុងកៅស៊ូប្រភេទAC មានកម្រាស់ ១០សង់ទីម៉ែត្រ មានទទឹង ៥,៥ម៉ែត្រ សម្រាប់ផ្លូវឯកទិស និងទទឹង ១០ម៉ែត្រ សម្រាប់ផ្លូវដែលមាន ២គន្លង (១គន្លងទៅ ១គន្លងមក) និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗមានជាអាទិ៍ សាងសង់រង្វង់មូល ១កន្លែង ស្ថិតនៅទីតាំងឆ្នេរអង្កោល សាងសង់ផ្លូវជិះកង់ និងផ្លូវសម្រាប់ថ្មើរជើង, សាងសង់លូមូលប្រភេទបេតុងសម្រាប់រំដោះទឹកភ្លៀងកាត់ទទឹងផ្លូវចំនួន ២៨កន្លែង, លូប្រអប់ប្រភេទបេតុងសម្រាប់រំដោះទឹកភ្លៀងកាត់ទទឹងផ្លូវចំនួន ១២កន្លែង, និងលូអ៊ុយប្រភេទបេតុងចំនួន ១ខ្សែ ប្រវែង ១ ១៨២ម៉ែត្រ រួមជាមួយនឹងការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ និងបង្គោលភ្លើងសូឡាបំភ្លឺផ្លូវចំនួន ១៦៤ដើម ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖