ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីខ្លួនជាសមត្ថកិច្ច បែរជាទៅប្រើជនសង្ស័យម្នាក់ទៀតឱ្យលក់ថ្នាំញៀនជំនួសខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំង​ផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការនគរបាលខណ្ឌ ៧មករា បានធ្វើការឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅត្រង់ចំណុចក្រោយអគារទី៨បុរីកីឡា ផ្លូវ២១១ សង្កាវាលវង់ ខណ្ឌ៧មករា ។ 

ជនសង្ស័យមានឈ្មោះ ធី រុង ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅអគារទី២ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧ មករា រាជធានីភ្នំពេញ ។

សមត្តកិច្ចចាប់យកវត្ថុតាងរួមមាន ៖ ក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៤ កញ្ចប់តូច ។

 ក្រោយពេលឃាត់ខ្លួនជនសង្ស័យរូបនោះ បានឆ្លើយសារភាពនៅចំពោះសមត្តកិច្ចថា ថ្នាំញៀន៤ កញ្ចប់តូចនេះ រូបគេបានកាន់ដើរលក់ឲ្យមន្ត្រីនគរបាលម្នាក់ ធី ហៅ ឆ្លូញ ដោយកម្រៃ១ជើងចំនួន ២០០០០ រៀល ។ បន្ទាប់ពីបានស្តាប់ចម្លើយជនសង្ស័យយ៉ាងដូច្នោះ នៅថ្ងៃខែឆ្នាំដដែល កម្លាំងមន្ត្រីជំនាញផ្នែកប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំពីលោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានសហការ ជាមួយការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលមាន ឈ្មោះ ស្រេង វុទ្ធី ហៅ ឆ្លូញ ភេទប្រុស អាយុ៤២ ឆ្នាំមុខរបរ ជាមន្ត្រីនគរបាលជាតិ បម្រើការងារនៅអង្គភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ មានឋានៈជានាយរងការិយាល័យ ដែលរងនៅការឆ្លើយដាក់ពីជនសង្ស័យម្នាក់នោះ ។ តែបើតាមចម្លើយសារភាពពីឈ្មោះ ស្រេង វុទ្ធី ហៅ ឆ្លូញ បានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធថ្នាំញៀនចំនួន៤កញ្ចប់តូចនោះទេ ហើយក៏មិនដែលស្គាល់ និងមិនបានឲ្យជនសង្ស័យដូចមានឈ្មោះខាងលើយកថ្នាំញៀនដើរលក់នោះដែរ ។ 

តែទោះជាយ៉ាងណាក្តី នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ សមត្តកិច្ចនគរបាលខណ្ឌ៧មករា បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង២ នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ដែលសំណុំរឿងនេះស្ថិតនៅដំណាក់កាលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកំពុងបើកការស៊ើបសួរ ៕

ដោយ ៖ រ៉ារ៉ា   


ចែករំលែក៖