ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរគ្រឿងញៀននិងកាន់កាប់អាវុធខុសច្បាប់

ចែករំលែក៖

ខេត្តរតនគិរី ៖ កម្លាំងនគបាលក្រុងបានលុងសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ឡាបានសៀកកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៦បានចុះបង្ក្រាបករណីជួញដូរគ្រឿង ញៀននិងកាន់កាប់អាវុធខុសច្បាប់នៅត្រង់ចំណុចផ្ទះមួយកន្លែងស្ថិតនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។

លោកផន ទុំ នាយប៉ុស្តិ៍ស្តីទីសង្កាត់ឡាបានសៀកបានប្រាប់ឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះឡេះ រំលី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង និងទី២.ឈ្មោះ ប៊ុត វណ្ណី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមន្ត្រីនគរបាល មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់ យក្សឡោម ក្រុងបានលុង។

លោកផន ទុំ ប្រាប់បន្តទៀតថា ជាមួយការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើសមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាហៅម៉ាទឹកកក២ថងតូច, អាវុធកែច្នៃចំនួន២ដើម, គ្រាប់កាំភ្លើងចំនួន៦គ្រាប់, រថយន្តចំនួន១គ្រឿង, ជញ្ជីង ថ្លឹងមួយគ្រឿងញៀន១ និងសម្ភារសេពគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឡាបានសៀកដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរីចាត់ការបន្តតាមនីតិវិធី៕ វុទ្ធ ឦសាន្ត

 

ses (1) ses (2) ses (3) ses


ចែករំលែក៖