ព័ត៌មានទាន់ហេតុការណ៍៖

ចោរស្ទើរភ្លើង២នាក់លួចម៉ូតូបានសម្រេចហើយ​ទុកម៉ូតូខ្លួនឯងចោល​ ពេលត្រឡប់មកយកវិញ ត្រូវនគរបាលចាប់ដាក់ខ្នោះដៃ

ចែករំលែក៖

ភ្នំពេញ៖ ចោរស្ទើរភ្លើង២នាក់ បានជិះម៉ូតូរបស់ខ្លួនមកធ្វើសកម្មភាពលួចកាត់សោម៉ូតូគេបានសម្រេច រួចក៏នាំគ្នាជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូរបស់ខ្លួន ដែលជិះមកធ្វើសកម្មភាពនោះ ហើយបានប៉ុន្មានម៉ោងក្រោយមក ក៏ត្រឡប់មកយកម៉ូតូវិញ ត្រូវជនរងគ្រោះ និងសមត្ថកិច្ចចាប់ជាប់ទាំង២នាក់តែម្តង ។

ករណីឃាត់ខ្លួនចោរលួចម៉ូតូខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង១៥នាទី រសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះ១៨៧ ផ្លូវលេខ ១៤៦ហ្សេត ក្រុមទី២៨ ភូមិ១០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយជនសង្ស័យធ្វើសកម្មភាពលួចនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ១០និង៣០នាទីព្រឹក ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទី១-ឈ្មោះ ចាន់ វាសនា ហៅ ស៊ូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅភូមិ វត្តជួស ឃុំខ្វាវ ស្រុកត្រាំកក់ ខេត្តតាកែវ ទី២-ឈ្មោះ កាន ពៅ ហៅ ពៅ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ ។

ចំណែកជនរងគ្រោះឈ្មោះ គង់ ឆឹង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលទូរទស្សន៍ ស្នាក់នៅផ្ទះលេខ១៥១សេអឺ០ ផ្លូវលេខ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ សំភារៈបាត់បង់ម៉ូតូមួយគ្រឿង ម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី 2008 ពាក់ស្លាកលេខ ភ្នំពេញ 1AD-5523 មានលេខតួ និងលេខម៉ាស៊ីន 8353046 ។

រីឯវត្ថុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿង សង់ចិន ពណ៌ខ្មៅ គ្មានពាក់ស្លាក លេខ មានលេខម៉ាស៊ីន 00720673 ដែកកែច្នៃសម្រាប់ឆ្កឹះសោចំនួន៣ ។

មន្រ្តីដដែល បានបន្តទៀតថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ១០និង៣០នាទីព្រឹក ជនរងគ្រោះបានចតម៉ូតូទុកនៅកន្លែងកើតហេតុ ដោយចាក់សោកត្រឹមត្រូវ ហើយចូលធ្វើការនៅក្នុងផ្ទះ ពេលនោះ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូសង់ចិនបានមកឈប់ក្បែរម៉ូតូរបស់ជនរងគ្រោះ ហើយបានលួចយកម៉ូតូជនរងគ្រោះទៅបាត់ដោយបានទុកម៉ូតូពួកវា(សង់ចិន)នៅកន្លែងកើតហេតុ រហូតដល់ម៉ោងប្រហែល១៦និង១៥នាទីរសៀល ស្រាប់តែជនសង្ស័យទាំងពីរបានត្រឡប់មកវិញ ដើម្បីមកយកម៉ូតូរបស់ខ្លួននោះ ក៏ត្រូវជនរង គ្រោះសហការជាមួយសមត្ថកិច្ច ឃាត់ខ្លួនបានជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួនជា បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ស ដារ៉ា

 

IMG_1176


ចែករំលែក៖