ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនអ្នកកាសែតចំនួន២នាក់ក្រោយពីអ្នកដឹកឈើតាមម៉ូតូប្តឹងទៅនគរបាលថាចូលផ្ទះពួកគាត់នៅពេលយប់ដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់បឹងកន្សែង កាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យជាអ្នកកាសែត២នាក់ ក្រោយពីអ្នកដឹកឈើតាមម៉ូតូប្តឹងទៅនឹងនគរបាលប៉ុស្តិ៍សង្កាត់បឹងកន្សែងថា មានជនមិនស្គាល់មុខដេញគៀរម៉ូតូពួកគាត់អោយឈប់តែពួកគាត់បន្ថែមល្បឿនចូលដល់ក្នុងផ្ទះ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹកន្សែង ក្រុងបានលុង ខេត្តរតនគិរី ខណៈនោះដែរកម្លាំងនគរបាលប៉ុស្តិ៍ចុះទៅដល់ក៏ប្រទះឃើញក្មេងចំនួន២នាក់សង្ស័យថាស្ថានភាពមិនល្អក៏បាននាំមកប៉ុស្តិ៍សង្កាត់បឹងកន្សែង ។
បើតាមម្ចាស់ម៉ូតូដឹកឈើចំនួន៣ដុំនេះ បានប្រាប់នគរបាលប៉ុស្តិ៍បឹងកន្សែងអោយដឹងថា គាត់ឃើញជនទាំង២នាក់នេះ ជិះម៉ូតូឌុបគ្នាដេញគាត់ និងគៀរម៉ូតូអោយឈប់ដោយគាត់មានការភ័យខ្លាចក្រែងក្រុមក្មេងស្ទាវស្ទាក់វ៉ៃគំរាមយកលុយទើបគាត់សុំអន្តរាគមន៍ទៅនគរបាលប៉ុស្តិ៍ដែលនៅក្បែរនោះ នគរបាលប៉ុស្តិ៍បឹងកន្សែងប្រាប់ឲ្យដឹងថា ក្រោយពីសួនាំអ្នកទាំង២នេះ ទើបដឹងថា ពួកគាត់ជាអ្នកកាសែត ដោយក្នុងនោះមានទី១ឈ្មោះ តែ ផានិត អ្នកយកព័ត៌មានឲ្យអង្គភាពរស្មីព្រះវិហារ ដែលមានចាងហ្វាងការផ្សាយឈ្មោះ ឈុន ឌឹម ផុតកំណត់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ (សុពលភាពការប្រើប្រាស់កាតសំគាល់ខ្លួន) និងទី២ឈ្មោះ ឆែម វ៉ានី ភ្នាក់ងារសារព័ត៌មានឲ្យអង្គភាពមាតុភូមិ (ប្រចាំខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ) ដែលមានចាងហ្វាងការផ្សាយឈ្មោះ ឱម ច័ន្ទតារា (មានសុពលភាពថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦) ។

នគរបាលប៉ុស្តិ៍ដដែលខាងលើប្រាប់បន្តទៀតថាបន្ទាប់ពីសាកសួរនិងត្រួតពិនិត្យមើលប័ណ្ណសំគាល់ខ្លួនរួចមកត្រូវបានថ្នាក់លើអោយត្រឡប់ទៅផ្ទះវិញ។

នគរបាលប៉ុស្តិ៍សង្កាត់បឹងកន្សែងបានបន្ថែមឲ្យដឹងទៀតថាក្នុងភូមិសាស្ត្ររបស់ខ្លួនមួយរយៈពេលនេះមានមនុស្សប្លែកមុខជាច្រើនហើយករណីចោរលួច ចោរឆក់ ក៏កើតមានដែរ ដូច្នេះត្រូវតែរឹតបន្តឹងដើម្បីការពារសុវត្ថិភាពសណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

ប្រភពព័ត៌មានដោយឡែកទៀតប្រាប់ឲ្យដឹងថានៅខេត្តរតនគិរីមានអ្នកកាសែតប្រមាណជាង៧០នាក់ដែលពួកគាត់ខ្លះជាអ្នករត់ម៉ូតូឌុប លក់បន្លែ លក់ពងទារ ជាងសំណង់ ជាដើម ត្រូវបានមេខ្យល់គៀងគរអោយធ្វើប័ណ្ណព័ត៌មានដោយអះអាងថាចាងហ្វាងកាសែតនៅភ្នំពេញអោយជ្រើសរើសអ្នកព័ត៌មានដោយថ្នូរនឹងលុយ១០០ដុល្លា ទៅ២០០ដុល្លា ជាមួយគ្នានិងសកម្មភាពក្រុមអ្នកសែតដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរីបានធ្វើការរិៈគន់ដោយមានមតិលើកឡើងស្រដៀងគ្នាថា ឃើញតែក្រុមអ្នកកាសែតប្រមូលផ្តុំគ្នាចាំដេញម៉ូតូ ដឹកឈើ ដោយពុំដែលឃើញពួកគាត់ធ្វើការតាមវិជ្ជាជីវៈព័ត៌មាននោះទេ។

ដូច្នេះគួរតែខាងមន្ទីរព័ត៌មានខេត្តរតនគិរីកោះហៅពួកគាត់ទៅសួរនាំនិងបញ្ជូនពួកគាត់អោយទៅរៀនខាងវិស័យព័ត៌មានទើបជាការប្រសើរ៕ វុទ្ធឦសាន

 

3 2 1 4 5

 


ចែករំលែក៖