ភ្នំពេញ៖ ក្នុងរយៈពេល៣ត្រីមាស ឆ្នាំ២០២៤នេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេស RCEP មានទំហំទឹកប្រាក់ប្រមាណជាង ២៥.៥ ពាន់ លានដុល្លារអាមេរិក កើនឡើង ៦១ ភាគរយ ក្នុងនោះទីផ្សារប្រទេសចិន មានកំណើនខ្ពស់ជាងគេ មានទឹកប្រាក់ជាង ១១.១ ពាន់លានដុល្លារ កើនជិត ២៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងពាណិជ្ជកម្ម បានបង្ហាញពីរបាយការណ៍។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅក្នុងរយៈពេល៣ត្រីមាសឆ្នាំ២០២៤នេះ ការធ្វើពាណិជ្ជកម្ម ជាមួយភាពជាដៃគូយុទ្ធសាស្ត្រសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅថា RCEP មានទំហំសរុបជាង ២៥.៥ ពាន់លានដុល្លារអាមេរិក កើន ឡើង ៦១ ភាគរយ ក្នុងនោះការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអាស៊ាន មានទំហំទឹកប្រាក់កើនឡើងជាង ១១.៧ ពាន់លានដុល្លារអាមេរិក កើន ឡើងជាង ២៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣, ចំណែកប្រទេសដែលមានកំណើនខ្ពស់ជាងគេមាន ប្រទេសវៀតណាម ជាង ៥.៨ ពាន់លានដុល្លារ កើនជាង ១៤ ភាគរយ, ប្រទេសថៃ ជាង ៣.១ ពាន់លានដុល្លារ កើនជាង ៧ ភាគរយ, សាំងហ្គាពួរ ជិត ១ ពាន់ដុល្លារ កើនជាង ២ ភាគរយ និងការនាំចេញទៅកាន់ប្រទេសចំនួន ៦ផ្សេងទៀតនៅក្នុងអាស៊ាន បានកើនឡើងគួរកត់សម្គាល់ផងដែរ។
ដោយឡែកការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗក្រៅពីអាស៊ានរួមមាន៖ ប្រទេសចិន មានទឹកប្រាក់ជាង ១១.១ ពាន់លាន ដុល្លារ កើនជិត ២៧ ភាគរយ, ជប៉ុន ១.៥ ពាន់លានដុល្លារ កើនជិត ៣ ភាគរយ, កូរ៉េ ៦២៧ លានដុល្លារ កើនជាង ១ ភាគរយ, អូស្រ្តាលី ៤២០ លានដុល្លារ កើន១ភាគរយ និងប្រទេសឥណ្ឌា ២៦៨ លានដុល្លារ កើនជិត ១ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣។
គួរជម្រាបជូនថា RCEP មានសមាជិកចំនួន ១៥ ប្រទេស ស្ថិតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងនោះចំនួន១០ប្រទេសជាសមាជិកអាស៊ាន និង៥ ប្រទេសទៀត ជាប្រទេសទីផ្សារធំដូចជា ចិន ជប៉ុន កូរ៉េ អូស្រា្តលី និងនូវែលសេឡង់, ខណៈដែលការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិ របស់កម្ពុជាក្នុងរយៈពេល ១០ខែ ឆ្នាំ ២០២៤នេះ មានទំហំទឹកប្រាក់សរុបជាង ៤៥ ពាន់លានដុល្លារ កើនជាង ១៦ភាគរយ ក្នុងនោះការ នាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ២១ ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេសមានចំនួនជាង ២៣ ពាន់លានដុល្លារ៕
ដោយ៖ តារា