ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងការពារជាតិ៖​ កម្ពុជាអាចនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពី ការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌ UN ហើយនឹងមានប្រទេសជិត១០០ចូលរួម

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និង​ជា​ប្រធាន​គណៈ​កម្មការជាតិ និងអ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងថា ក្រសួង​ការពារជាតិកម្ពុជា បានកំពុងរៀបចំសំណើរទៅកាន់អង្គការសហប្រជាជាតិ​ដើម្បី​ស្នើ​សុំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃកិច្ចប្រជុំ ស្តីពីការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដោយកិច្ច​ប្រជុំ​នេះ​នឹង​មាន​ប្រទេសជាសមាជិក ជិត១០០ចូលរួម។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គគម្រោងត្រីភាគីកម្ពុជា កូរ៉េ និងអង្គការ សហ​ប្រជាជាតិ​(UNTPP) នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (KPO) ដែលស្ថិត​នៅ ​ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការពារជាតិ បានបញ្ជូន​កង​កម្លាំង​ទាហាន​មួក​ខៀវ​របស់ខ្លួនទៅចូលរួមថែរក្សាសន្តិភាពពិភពលោកជាបន្តបន្ទាប់ ក្រោយ​មាន​ការ​ស្នើ​សុំ​ពី​អង្គការ​សហប្រជាជាតិ ហើយតាមរយៈ​បេសកកម្ម​ដ៏​ធំ​នេះ​កម្ពុជា​បាន​ស្មើ​មុខ​ស្មើ​មាត់​ជា​មួយ​អន្តរ​ជាតិ​ ដោយសារតែកង ទ័ពកម្ពុជាមានជំនាញច្បាស់លាស់លើកិច្ចការទាំងនេះ ថែមទាំង​អាច​ហ្វឹក​ហ្វឺន​ដល់ប្រទេសមួយចំនួនក្នុងតំ បន់ផងដែរ​ក្រោម​គម្រោង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​ដៃ​គូ ដូចជាប្រទេសជប៉ុន អូស្ត្រាលី កូរ៉េ ដោយមាន​ការ​សម្រប​សម្រួល​ពី​អង្គការ​សហ​ប្រជាជាតិ​នោះ​។​

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់បន្ថែមថា ក្រៅពី​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បើក​វគ្គ​ហ្វឹក​ហ្វឺន​គម្រោង​ត្រី​ភាគី​កម្ពុជា កូរ៉េ និងអង្គការសហប្រជាជាតិ(UNTPP) ដោយមានប្រទេស​ប្រាំបី​ចូល​រួម​នាពេលនេះ កម្ពុជាក៏កំពុងរៀបចំដាក់សំណើរទៅកាន់អង្គការសហប្រជាជាតិ ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីការក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ នាពេលខាង​មុខ​នេះ​ផ​ងដែរ ខណៈកិច្ចប្រជុំនេះគឺជាឱកាសដ៏សំខាន់មួយសម្រាប់រដ្ឋជាសមាជិក ដើម្បី​រួម​គ្នា​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួមមួយ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការរក្សាសន្តិភាព និង​ផល​​ប៉ះពាល់របស់ពួកគេលើសហគមន៍ដែលពួកគេបំពេញការងារនោះ។

សូមបញ្ជាក់ថា កម្ពុជាបានកំពុងធ្វើជាម្ចាស់ផ្ទះជាលើកទី២ នូវវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី កម្ពុជា​-កូរ៉េ-អង្គការសហប្រជាជាតិ ខណៈវគ្គហ្វឹកហ្វឺនដល់សិក្ខាកាមជាតិ និងអន្តរជាតិនេះ ក្នុង​គោល​បំណង បង្កើនសមត្ថភាពលើជំនាញបច្ចេកទេសបញ្ជា-ថែទាំគ្រឿងចក្រវិស្វកម្មធុនធ្ងន់ ជាមួយការយល់ដឹងបន្ថែមអំពីគ្រោះថ្នាក់ នៃគ្រឿងផ្ទុះ/ គ្រឿងផ្ទុះកែច្នែ (IED/C-IED) ក្នុង​ពេល​ប្រតិបត្តិការ និងនីតិវិធីជួយសង្គ្រោះ នៅលើទីលាន ក្នុងដំណាក់កាលបឋមឱ្យមានគុណវុឌ្ឍិ និង​ស្ទាត់​ជំនា​ញដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍន៍សមត្ថភាពរបស់ ខ.ភ.ម ដើម្បី​គាំទ្រដល់ប្រតិបត្តិការ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងស្របតាម​តម្រូវ​ការ​របស់​បេសកកម្ម​អង្គការ​សហ​ប្រជាជាតិជាដើម។ វគ្គហ្វឹកហ្វឺនជាលើកទី២នេះ គឺមានសិក្ខាកាមមក​ពី​ប្រទេស​ចំនួន​៨​ចូល​រួម ​កម្ពុជា បង់ក្លាដែស ប៊ូតាន ឥណ្ឌូនេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន និង​ស្រី​លង្កា​ជា​ដើម៕

ដោយ​៖ តារា​


ចែករំលែក៖