ភ្នំពេញ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អាជ្ញាធរបានចុះអប់រំ និងបានឱ្យម្ចាស់រថយន្តដែលបានកែច្នៃរថយន្តសម្រាប់ដឹកកម្មករខុសលក្ខណៈបច្ចេកទេសធ្ងន់ធ្ងរកាត់ឲ្យមកសភាពដើមវិញ ព្រមទាំងបានបំពេញតាមលក្ខណៈបច្ចេកទេសដែលច្បាប់កំណត់ ដោយបានយករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក)រួចរាល់។
លោកអ្នកនាំពាក្យរូបនេះ បានបន្តថា ក្នុងនាមស្ថាប័នបច្ចេកទេស លោកសូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចខេត្តកំពង់ស្ពឺ ដែលបានធ្វើកិច្ចការនេះយ៉ាងឆាប់រហ័ស ដើម្បីធានាភាពស្របច្បាប់ ជាពិសេសសុវត្ថិភាពកម្មករ-កម្មការិនីរោងចក្រ ដែលត្រូវធ្វើដំណើរដោយមធ្យោបាយដឹកជញ្ជូនខាងលើ។
បន្ថែមពីនេះ លោកអ្នកនាំពាក្យ ក៏សូមថ្លែងអំណរគុណដល់ម្ចាស់រថយន្ត ដែលបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយធ្វើកិច្ចសន្យា ផ្តិតមេដៃ កែកាត់ទ្រុងសម្រួលរថយន្តរបស់ខ្លួន ដែលបានកែច្នៃខុសលក្ខណៈបច្ចេកទេស ឱ្យមកសភាពដើមវិញ ដើម្បីភាពស្របច្បាប់ផង និងធានាសុវត្ថិភាពក្នុងការដឹកជញ្ជូនបងប្អូនកម្មករកម្មការិនីរោងចក្រផង៕
ដោយ៖ តារា