ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅព្រឹក ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិកា រដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១១២រូប។
អង្គសភាបានអនុម័តយល់ព្រមរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ចំនួន៤ ដោយ មានសំឡេង ១១២ នៃចំនួនសមាជិករដ្ឋសភាទាំងមូលដែលមានដូចតទៅ៖
១. ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប៖
១- លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ
២-លោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី។
២. ពិភាក្សា និងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិនៃសេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។
៣. ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣។
៤. ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។
ចំពោះលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ មានដូចខាងក្រោម៖
១. ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាព រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២រូប ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភាចូលរួមចំនួន១១២រូប និងទទួលបានលទ្ធផលយល់ព្រម១១២សំឡេង នៃចំនួនសមាជិក រដ្ឋសភាទាំងមូល ៖
១- លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ
២-លោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី។
២. ពិភាក្សា និងអនុម័តយោបល់ស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម
លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និង ព័ត៌មាននៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាលើយោបល់ របស់ព្រឹទ្ធសភាស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិមួយចំនួននៃសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ទៅជាសេចក្តីព្រាងច្បាប់ស្តីពី “និរាករណ៍ច្បាប់ស្តីពី ការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម”។
សមាជិករដ្ឋសភាដែលឡើងមានមតិក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់នេះ មានចំនួន១រូប គឺ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ សូមគាំទ្រទាំង ស្រុងលើសេចក្តីព្រាងច្បាប់នេះ។
អង្គសភាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពី និរាករណ៍ច្បាប់ស្តីពីការជំរុញ និង សម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ តាមរយៈការបោះឆ្នោតចំហរ ដោយមានចំនួន ១១២សំឡេង យល់ព្រម នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
អង្គសភាបានបញ្ចប់ការពិភាក្សាទៅលើរបៀបវារៈទាំង២នៅវេលាម៉ោង១០ព្រឹកក្នុងថ្ងៃដដែល។
ដោយរដ្ឋសភាមានភារកិច្ចធ្វើជាសហប្រធាន និងរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បី ភាពអត់ឱន និងសន្តិភាព (IPTP)លើកទី១១ របៀបវារៈទី៣ និងទី៤ នឹងបន្តពិភាក្សានៅក្នុងសម័យប្រជុំ រដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅវេលាម៉ោង ៨:០០ ព្រឹក។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា