ខេត្តកំពត ៖ ដោយទទួលបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រជុំ និងចុះត្រួតពិនិត្យគោលដៅការពារសន្តិសុខ ដើម្បីកសាងផែនការការពារសន្តិសុខ រក្សាសុវត្ថិភាពជូនថ្នាក់ដឹកនាំ សម្រាប់ពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤។
ឆ្នាំ២០២៤នេះពិធីបុណ្យសមុទ្រលើកទី១១ នឹងប្រព្រឹត្តិទៅនៅខេត្តកំពត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាកដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អង្គទូត ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងអ្នកសារពត៌មានជាតិ អន្តរជាតិផងដែរ។
កិច្ចប្រជុំការងារសន្តិសុខ និងការត្រួតពិនិត្យគោលដៅការពារសន្តិសុខនេះមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត មេបញ្ជាការរង និងជានាយសេនាធិការខេត្តពាក់ព័ន្ធដូចជាខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ៕
ដោយ ៖ សិលា