ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងវេទិកាស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី ២២ ខែ សីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងវេទិកាស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ (Forum on Protection and Conservation of Natural Resources) នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដែលមានតំណាងសមាគម អង្គការក្រៅរដ្ឋាភិបាល សមាគមន៍សិល្បៈករ ព្រះសង្ឃ និងប្រជាពលរដ្ឋមកពីសហគមន៍តាមបណ្តាខេត្តមួយចំនួនធំ។

នេះគឺជាការជួបជុំលើកដំបូងសម្រាប់អ្នកដែលពាក់ព័ន្ឋនិងកិច្ចការពារពារធនធានធម្មជាតិនៅកម្ពុជាជាមួយប្រមុខដឹកនាំរាជរដ្ឋាភិបាល។ ការជួបជុំនេះគឺបានបង្ហាញពីវឌ្ឍនៈភាព និងការផ្លាស់ប្តូរឥរិយាបថដ៏សំខាន់របស់មន្រ្តីរាជរដ្ឋាភិបាល ក្នុងការសហការជាមួយតួអង្គទាំងអស់ដែលបានចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិនៅទូទាំងប្រទេស។ ពិតណាស់ នេះជាឱកាសដ៏ល្អបំផុត សម្រាប់យើងទាំងអស់គ្នាចាប់ផ្តើមស្រោចស្រង់ធនធានធម្មជាតិ។ យើងមិនអង្គុយបក់ផ្សែង តែយើងនាំគ្នាពន្លត់ភ្លើង។ ការបង្រ្កាប និងយន្តការរបស់រដ្ឋក៏មិនគ្រប់គ្រាន់ដែរ គឺត្រូវការចូលរួមទាំងកម្រិតជាតិ សហគម និងកម្រិតដៃគូរដែលជាយន្តការការពារដ៏សំខាន់។

សម្តេចតេជោ ហ៊ុន សែន ពេញចិត្តខ្លាំងណាស់ចំពោះបងប្អូនប្រជាពលរដ្ឋ និងតំណាងសហគមទាំងអស់ រួមទាំងព្រះសង្ឃដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាការពារធនធានធម្មជាតិព្រៃឈើ និងធនធានសត្វព្រៃ។ សម្តេចតេជោគាំទ្រ និងជំរុញអោយមានការជួបជុំពិភាក្សារវាងសង្គមស៊ីវិល និងក្រសួងរាជរដ្ឋាភិបាល ហើយសម្តេចតេជោបានសម្រេចអោយចេញ សជណ ដើម្បីអោយគ្រប់តួអង្គយកទៅអនុវត្តកាន់តែមានប្រសិទ្ឋភាព។ ចំពោះតំណាង និងសមាជិកទាំង ១៩សមាគម អង្គការគឺត្រូវមានការប្រជុំពិភាក្សាជាមួយក្រសួងជំនាញពាក់ព័ន្ឋ ៦ ដូចជា ១)ក្រសួងបរិស្ថាន ២)ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ៣)ក្រសួងរៀបចំដែនដីនគររូបនីយកម្ម ៤)ក្រសួងរ៉ែ និងថាមពល ៥)ក្រសួងសិប្បកម្ម និងឧស្សាហកម្ម និង ៦)ក្រសួងធនធានទឹក និងឧត្តុនិយម។ កិច្ចប្រជុំ៣ខែម្តងគឺរដ្ឋមន្រ្តីដែលទទួលបន្ទុកនៃវិស័យការងារនីមួយៗគឺត្រូវបើកចំហរអោយស្ថាប័ននានាចូលរួម។

ចំពោះការរៀបចំលិខិតបទដ្ឋាននានា រួមទាំងការតាក់តែងគោលនយោបាយ ការព្រាងច្បាប់ និងលិខិតគតិយុត្តដទៃទៀត គឺត្រូវមានការពិគ្រោះយោបល់។ ក្រសួងត្រូវស្តាប់ពាក្យពិត៣ខែម្តង ប្រសើរជាងស្តាប់ពាក្យកុហក់៥ឆ្នាំម្តង។ យន្តការនេះគឺអាចធ្វើនៅថ្នាក់ខេត្តដែលមានប្រសិទ្ឋិភាពខ្ពស់។ សម្តេចតេជោ មិនអនុញ្ញាតតទៅទៀតទេ ចំពោះរបៀបគ្រប់គ្រងមន្ទីរបស់ក្រសួងតាមបណ្តាខេត្ត ក្រសួងក្បាល១ កន្ទុយ៣ ដូចជាក្រសួងកសិកម្មជាដើម។ ក្រសួងកសិកម្មត្រូវដាក់រដ្ឋបាលជលផល និង រដ្ឋបាលព្រៃឈើ នៅក្រោមមន្ទីរកសិកម្មតែមួយនៅខេត្ត។

សម្តេចតេជោ ហ៊ុន សែន បានស្តាប់ និងគាំទ្រនូវយោបល់លើកឡើងរបស់តំណាងអង្គការ សមាគម សហគម ព្រះសង្ឃ ដែលសុំអោយរាជរដ្ឋាភិបាលគាំទ្រសកម្មភាពការពារធនធានធម្មជាតិនៅតាមបណ្តាខេត្ត។ សម្តេចតេជោ គាំទ្រពេញទំហឹងព្រមទាំងបានសន្យាជួយផ្តល់កូនឈើសម្រាប់យកទៅដាំឡើងវិញ រួមទាំងស្បៀងអាហារ អាវរងារ អាវភ្លៀង សម្រាប់ក្រុមការងារ និងកញ្ចប់ថវិកាមួយចំនួននៅឆ្នាំក្រោយនេះផងដែរ។ ដើម្បីពង្រឹងកិច្ចការពារសត្វព្រៃ និងព្រៃឈើជាង ៦លានហិកតា សម្តេចតេជោ បានសម្រេចអោយជ្រើសរើសអនុរក្សព្រៃឈើ ៣០០ នាក់ថែមទៀត។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានសម្រេចធ្វើផ្លូវជាង១៨គម និងស្ពាន នៅអារ៉ែង ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយកាន់តែងាយ ស្រួលក្នុងការធ្វើដំណើរ ហើយយើងសង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តនៅអារ៉ែង កាន់តែច្រើនឡើងមិនខាន ដែលអាចនឹងផ្តល់នូវការងារ ប្រាក់ចំណូល ដើម្បីបង្កើនជីវភាពរស់នៅរបស់ បងប្អូនយើង។

នៅពេលនេះ បងប្អូនសហគម សមាគម អង្គការក្រៅរដ្ឋាភិបាល ព្រះសង្ឃ ដែលការពារធនធានធម្មជាតិ គឺមានសម្តេចនាយកមន្រ្តីមួយជាបង្អែកដ៏រឹងមាំហើយដើម្បីសម្រេចការងារដ៏មានសារៈសំខាន់នេះ។យើងស្រឡាញ់ព្រៃឈើទាំងអស់គ្នា គឺយើងត្រូវតែចូលរួមទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន នឹងបំពាក់មេដាយលើកទឹកចិត្តដល់សកម្មជនទាំងឡាយ ដែលបានលះបង់និងចូលរួមយ៉ាងសកម្មនៅក្នុងការថែរក្សា និងការពារធនធានធម្មជាតិនៅទូទាំងប្រទេសនៅក្នុងកម្មវិធីជួបជុំលើកក្រោយ។ កម្មវិធីព្រឹកមិញទោះបីមានរយៈពេលយូរបន្តិចមែនតែជាការជួបជុំជាមហាគ្រួសារ ដែលពលរដ្ឋមានឱកាសបាននិយាយការពិត ប្រាប់ពីកង្វល់ពិត និងបានទទួលការស្តាប់ និងយកចិត្តទុកដាក់ដោះស្រាយពិតពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលជាទីពេញចិត្តរបស់ប្រទេសជាតិយើងទាំងមូល៕

 

sa as dd xs

 

 


ចែករំលែក៖