ភ្នំពេញ ៖ ស្ត្រីម្នាក់ទុកកាបូបលុយលេីទូរួចដេីរចូលទៅក្នុងបន្ទប់ទឹកមួយភ្លែតចេញមកវិញស្រាប់តែបាត់កាបូបដោយក្នុងកាបូបនោះមានលុយជាង៣០០០ដុល្លារបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ០៨ និង ៤០នាទី យប់ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅក្នុងបុរីជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគាត់បានទុកកាបូបលុយនៅលើទូតាំងជារៀងរាល់ថ្ងៃ ប៉ុន្តែនៅជិតដល់ម៉ោងបិទហាង ប្តីរបស់គាត់តែងតែយកទៅទុកនៅក្នុងបន្ទប់ ។ ខណៈពេលកើតហេតុ ស្របពេលកំពុងរង់ចាំភ្ញៀវ គាត់បានដើរទៅបន្ទប់ទឹកមួយភ្លែតសោះ ស្រាប់តែដើរចេញមកវិញបាត់កាបូបលុយ ដែលនៅក្នុងនោះមានសាច់ប្រាក់ប្រមាណជាង ៣០០០ដុល្លារ ដោយស្វែងរកគ្រប់កន្លែងហើយនៅតែមិនឃើញ រួចក៏ខ្ចីទូរស័ព្ទអ្នកជិតខាងខលសួរប្តី ប៉ុន្តែប្តីរបស់គាត់មិនបានយកទុកនោះឡើយ ទើបភ្លាមៗនោះបង្កភ្ញាក់ផ្អើល ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីដាក់ពាក្យបណ្តឹងផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំង រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញា យកមកដាក់ទោសតាមផ្លូវច្បាប់ ៕
ដោយ៖សុខាសែនជ័យ