ព័ត៌មានទាន់ហេតុការណ៍៖

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបំពេញព្រះរាជ ទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម ពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោក លឿង គ្រឿង ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជានាយកព្រះរាជ ខុទ្ទកាល័យព្រះមហាក្សត្រ ព្រមទាំងតំណាងជាន់ខ្ពស់មកពីស្ថាប័នព្រឹទ្ធសភា និងរដ្ឋសភា។

ក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងមាន ព្រះរាជសវនាការជាមួយថ្នាក់ដឹកនាំវៀតណាម អំពីទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែលស្របទៅនឹង ស្មារតី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរ យូរអង្វែង រវាងប្រទេសទាំងពីរ។

ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទៅកាន់សាធារណរដ្ឋ សង្គមនិយមវៀតណាម គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុងទំនាក់ទំនងដ៏យូរអង្វែងរបស់ ប្រទេសទាំងពីរ ព្រមទាំងនឹងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាពដ៏ ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍រវាងប្រទេសទាំងពីរ៕

ដោយ ៖ សិលា


ចែករំលែក៖