ភ្នំពេញ ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកឦ្ពុជា បានមានប្រសាសន៍ថា វិវាទបុរី ជាបញ្ហាដែលមានភាពរសើបបំផុត ដែលត្រូវដោះស្រាយដោយប្រុងប្រយ័ត្ន ហើយគោលដៅក្នុងការដោះស្រាយវិវាទបុរី គឺដោះស្រាយតាមយន្តការធំ២ គឺ៖
១/ ដោះស្រាយវិវាទចំពោះមុខប្រកបដោយភាពបត់បែន និងទន់ភ្លន់ ។
និង ២/ វិធានការច្បាប់ ដោយធានាការរស់រានមានជីវិត នៃវិស័យអចលនទ្រព្យ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ។
សម្តេចបវរធិបតី បានលើកឡើងថា បញ្ហានៅតាមបុរី កើតឡើងដោយសារការស្មានមិនត្រូវ នៃវិបត្តិសេដ្ឋកិច្ច។
សម្តេចបន្តថា ទំនាស់ដីធ្លី គឺជារឿងចាស់ ដែលមានពីមុនមក ប៉ុន្តែវិវាទបុរីនេះជារឿងថ្មី ដែលប្រវត្តិសាស្ត្រប្រទេសយើង អត់ដែលមានទេ នៅក្នុងទ្រង់ទ្រាយធំបែបនេះ ។
សម្តេចធិបតី ថា៖ ក្នុងជម្លោះបុរីចំនួន ៩៩គម្រោង ដោះស្រាយបាន ៥៣គម្រោង ហើយបញ្ហាជម្លោះនៅតាមបុរី បើដោះស្រាយមិនបានត្រឹមត្រូវ នឹងក្លាយទៅជាបញ្ហាកាន់តែធ្ងន់ធ្ងរ ។
សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា ៖ មិនមាននរណាម្នាក់ មានចេតនាបោកប្រាស់នរណានោះទេ ប៉ុន្តែបញ្ហានៅតាមបុរី កើតឡើងដោយសារ ការស្មានមិនត្រូវនៃវិបត្តិសេដ្ឋកិច្ចមុនកូវីដ១៩ ដូច្នេះទាំងអ្នកសាងសង់ផ្ទះលក់ និងអ្នកទិញ សុទ្ធតែជាជនរងគ្រោះ ។
សម្ដេច បន្ថែមថា កន្លងមក មានអ្នកសំណូមពរឱ្យចាប់អ្នកនេះ អ្នកនោះ ប៉ុន្តែសម្ដេច បានតបថា បញ្ហានេះ បើធ្វើមិនស្រួល ទៅជារឿងនយោបាយ ពិបាកដោះស្រាយ ព្រោះមានអ្នកចាំដុត វិទ្យុមួយចំនួន ចាំតែដុតទេ យ៉ាងណាមិញ វាអាចបង្កើតទៅជារឿងច្រួលច្របល់ ដោយសារបុរីខុសគ្នា ដោះស្រាយមិនស្រួល ប៉ះពាល់ទៅលើបុរីផ្សេងទៀត ។
សម្តេច បានបញ្ជាក់ថា (វិវាទបុរី) ទី១ ដោះស្រាយចំពោះមុខ និងទី២ ការធានាការរស់រានមានជីវិត នៃវិស័យអចលនទ្រព្យ។ យើងដោះស្រាយបែបណា កុំឲ្យមានភាពច្របូកច្របល់ បើដោះស្រាយមិនស្រួល មិនដឹងចាប់ខ្លួននរណាខ្លះទេ ។
ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណទៅកាន់ លោក លោកស្រី ភាគីពាក់ព័ន្ធ ម្ចាស់បុរី និងអតិថិជន ដែលបានចូលរួម សហការដោះស្រាយបញ្ហាបុរីនេះ។
សូមជម្រាបថា ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ចំពោះបញ្ហាវិវាទ រវាងបុរី និងអតិថិជន ក្រសួង បាននឹងកំពុងរកដំណោះស្រាយសមស្របចំពោះគម្រោង អភិវឌ្ឍន៍អចលនវត្ថុចំនួន ៩៩គម្រោង នៅទូទាំងប្រទេស រួមមាន បុរី ចំនួន ២៧ ស្មើនឹង ៧៧គម្រោង, ផ្សារ និងខុនដូ ចំនួន ៤គម្រោង និងដីឡូតិ៍ ចំនួន ១៨គម្រោង ក្នុងនោះ ដោះស្រាយបាន ៥៣ គម្រោង នៅសល់ចំនួន ៤៦គម្រោង កំពុងសម្របសម្រួលដោះស្រាយបន្ត ដោយឈរលើស្មារតីយោគយល់គ្នា ក្នុងគ្រាលំបាក និងបានធ្វើឱ្យសភាពការណ៍តានតឹងទាំងនេះ បានប្រសើរឡើងវិញជាលំដាប់៕
ដោយ ៖ សិលា