ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាសន្ដិសុខម្នាក់បានដេកស្លាប់ក្នុងប៉ុស្ដិ៍យាមការដ្ឋានសាងសង់មួយកន្លែងក្នុងខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាសន្តិសុខឯកជនម្នាក់បានដេកស្លាប់ក្នុងការដ្ឋានសាងសង់មួយកន្លែង សង្ស័យមានជំងឺក្នុងខ្លួន តែមិនទៅពិគ្រោះជាមួយគ្រូពេទ្យគិតតែទិញថ្នាំលេបរហូតដល់ដេកស្លាប់នៅប៉ុស្តិ៍យាមបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤នៅចំណុចការដ្ឋានកំពុងសាងសង់តាមផ្លូវជាតិលេខ១ ភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

 ជនរងគ្រោះ ឈ្មោះ ឈិន សំបូរ ភេទ ប្រុស អាយុ ៥២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិន្តសុខក្រុមហ៊ុន GIANTS SECURITY AGENT ស្នាក់នៅបណ្តោះអាសន្នចំណុចកើតហេតុខាងលើមានស្រុកកំណើតនៅភូមិចំការថ្មី ឃុំ គគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ 

ជនរងគ្រោះមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរី២០២២ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1JR. 4351 ។

បើយោងតាមប្រភពប្រជាពលរដ្ឋដែលលក់ដូរក្បែរកន្លែងកើតហេតុបានបញ្ជាក់ថា បុរសជនរងគ្រោះខាងលើពេលទំនេរមិនស្រូវស្រួលខ្លួនហើយជនរងគ្រោះថា អត់លុយទៅពិនិត្យសុខភាពចេះទិញថ្នាំលេបក្រៅទុកសន្សំលុយប្រាក់ខែផ្ញើទៅគ្រួសារនៅស្រុកកំណើតមានជីវភាពខ្វះខាតផងរហូតដល់ព្រឹកនេះ ក៏កម្មករនិងជាងសំណង់ផ្អើលថា ជនរងគ្រោះសន្តិសុខខាងលើបានដេកស្លាប់នៅប៉ុស្តិ៍យាមដីឡូតិ៍ការដ្ឋានកំពុងសាងសង់បាត់ទៅហើយ បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម  រួចក៏បានទាក់ទងទៅខាងសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបច្ចេកទេសដើម្បីធ្វើកោលល្យវិច័យផងដែរ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចបច្ចេកទេសកោសល្យវិច័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះដល់ទីតាំងចំណុចកើតហេតុ បានធ្វើការត្រួតពិនិត្យជាបឋមការសន្និដ្ឋានថា សង្ស័យគាំងបេះដូងឬមានជំងឺបេះដូង (ស្លាប់) រួចក៏បានទាក់ទងទៅក្រុមគ្រួសារមកទទួលសពយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖