ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ បានលើកឡើងជាសំណើនិងសំណូមពរឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយជុំវិញការសុំធ្វើប្លង់កម្មសិទ្ធិដីធ្លី សុំតបណ្តាញទឹកស្អាត ស្នើសុំធ្វើផ្លូវ ធ្វើប្រព័ន្ធលូ និងស្នើកុំឱ្យជីកផ្លូវតបណ្តាញទឹកហើយទុកចោល។
ការលើកឡើងជាសំណើនិងសំណូមពររបស់ប្រជាពលរដ្ឋនេះធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមវត្តមានលោកជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រិក្សារាជធានីភ្នំពេញ និងលោកហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅក្នុងបរិវេណវត្តអរុណវត្តី ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៏សែនជ័យ ។
លោកហ៊ុន សុរិទ្ធី បានបញ្ជាក់ថា៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ នៅខណ្ឌពោធិ៍សែនជ័យនេះ មានប្រជាពលរដ្ឋចំនួន១៣នាក់បានលើកឡើងជាសំណើនិងសំណូមពរ ស្មើនឹង១៦បញ្ហា ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញរបស់យើងជួយដោះស្រាយ ដែលក្នុងនោះមានទាំងការសុំធ្វើប្លង់កម្មសិទ្ធិដីធ្លី សុំតបណ្តាញទឹកស្អាត ស្នើសុំធ្វើផ្លូវ ធ្វើប្រព័ន្ធលូ ស្នើសុំការស្តារប្រឡាយនិងស្នើកុំអោយជីកផ្លូវតបណ្តាញទឹកហើយ ទុកចោល។ រាល់សំណើនិងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋនេះ យើងបានចាត់អោយអាជ្ញាធរនិងមន្ទីរជំនាញដោះស្រាយជូនភ្លាមៗ។ ចំណែកបងប្អូនប្រជាពលរដ្ឋដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរចំនួន១០០ច្បាប់ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញនឹងយកមកដោះស្រាយនៅពេលក្រោយ។
លោកហ៊ុន សុរិទ្ធី អភិបាលរងរាជធានីបានបញ្ជាក់ថា អ្វីដែលជាការកត់សម្គាល់ វេទិកានេះ ប្រជាពលរដ្ឋមិនបានលើកឡើងពាក់ព័ន្ធសន្តិសុខ គ្រឿងញៀន ល្បែងស៊ីសង ចោរលួច ចោរប្លន់នោះទេ មានន័យថា ការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព កងកម្លាំងនិងអាជ្ញាធររបស់យើងអនុវត្តបានល្អ បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋហើយ។
លោកហ៊ុន សុរិទ្ធី បានបន្តទៀតថា៖ វេទិកានេះ យើងពិតជាបានរកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព សម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញយកទៅធ្វើការពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ ការចូលរួមផ្តល់មតិយោបល់ និងការលើកឡើងនូវសំណើនិងសំណូមពររបស់ប្រជាពលរដ្ឋ គឺពិតជាបាននាំមកនូវសក្តានុពលដ៏ធំធេង និងធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ អាចឆ្លុះបញ្ចាំងបាននូវចំណុចខ្វះខាត ចំណុចអសកម្ម ដែលបានអនុវត្តកន្លងមក និងអាចឱ្យគណៈអភិបាលរាជធានីភ្នំពេញយកទៅពិចារណាធ្វើការកែលម្អឡើងវិញឱ្យបានសមស្របតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ។
ក្នុងឱកាសនោះដែរលោកជូប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើលលើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ក្នុងគោលបំណង ដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប ។
ប្រជាពលរដ្ឋអាចលើកឡើងជាសំណើនិងសំណូមពរចំនួន៤បញ្ហា នៅក្នុងវេទិកានេះ ដែលមានដូចជា៖ទី១-បញ្ហាសន្តិសុខ គ្រឿងញៀន ល្បែងស៊ីសង ចោរលួច ប្លន់ ពិសេសគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។ ២-ការអភិវឌ្ឍមូលដ្ឋាន ផ្លូវ ទឹក ភ្លើង ប្រព័ន្ធលូជាដើម។ ៣- បរិស្ថាន សុខុមាលភាពសង្គម ការបម្រើសេវាសុខាភិបាលនិងទី៤-ការផ្តល់សេវាសាធារណៈ នៅថ្នាក់ខណ្ឌដែលអាជ្ញាធរបានផ្តល់ជូនបានល្អហើយឬនៅ មានអំពើពុករលួយនៃការផ្តល់សេវានេះទេ៕
ដោយ ៖ សំរិត