កាលពីថ្ងៃទី 28 ខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានផ្សាយថា យ៉ាងហោចណាស់សមាជិកសភាគណបក្សប្រជាធិបតេយ្យចំនួន 5 បានទទួលការគម្រាមបំផ្ទុះគ្រាប់បែកប្រឆាំងនឹងផ្ទះឯកជនរបស់ពួកគត់។ដូច្នេះហើយ សមាជិកព្រឹទ្ធសភា Chris Murphy និងអ្នកតំណាង Jim Himes, Joe Courtney, John Larson និង Jahana Hayes ទាំងអស់មកពី Connecticut បាននិយាយថា ពួកគេបានទទួលការគំរាមកំហែងគ្រាប់បែក។ ប៉ូលិសបានធ្វើការឆែកឆេរ ប៉ុន្តែរកមិនឃើញភស្តុតាងនៃគ្រឿងផ្ទុះនៅផ្ទះឯកជនរបស់តំណាងរាស្រ្តទាំងនេះ។
មួយថ្ងៃមុននេះ បេក្ខជនជាច្រើនរូបដែលត្រូវបានជ្រើសរើសដោយប្រធានាធិបតីជាប់ឆ្នោត Donald Trump សម្រាប់គណៈរដ្ឋមន្ត្រីបាននិយាយថា ពួកគេបានទទួលការគំរាមកំហែងគ្រាប់បែកស្រដៀងគ្នានេះ។ តួអង្គទាំងនេះក៏បាននិយាយផងដែរថា ពួកគេខ្លួនឯងគឺជាជនរងគ្រោះនៃការជូនដំណឹងមិនពិត ។
ក្នុងចំណោមអ្នកដែលរងការគំរាមកំហែងនោះមានសមាជិកសភាលោកស្រី Elise Stefanik ដែលត្រូវបានតែងតាំងដោយលោក Trump ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំអង្គការសហប្រជាជាតិ។ តំណាង Lori Chavez-DeRemer ដែលត្រូវបានជ្រើសរើសជាលេខាធិការការងារ និង Lee Zeldin ដែលត្រូវបានតែងតាំងជាប្រធានទីភ្នាក់ងារការពារបរិស្ថាន។
ឧប្បត្តិហេតុទាំងនេះកើតឡើងបន្ទាប់ពីរដូវកាលបោះឆ្នោតដ៏តានតឹង។ កាលពីខែកក្កដា នៅក្នុងការប្រមូលផ្តុំយុទ្ធនាការមួយក្នុងក្រុង Butler រដ្ឋ Pennsylvania ប្រធានាធិបតីជាប់ឆ្នោត Trump ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំត្រចៀក។ នៅថ្ងៃទី 15 ខែកញ្ញា លោក Trump បានក្លាយជាគោលដៅនៃការវាយប្រហារមួយផ្សេងទៀតនៅពេលកំពុងលេងវាយកូនហ្គោលនៅ West Palm Beach ក្នុងរដ្ឋ Florida ។ សំណាងល្អលើកនេះ សេវាសម្ងាត់អាមេរិកឆាប់បានរកឃើញខ្មាន់កាំភ្លើងហើយបញ្ឈប់ទាន់ពេល៕ ដោយ៖ ធីរីណា
រូបថត៖ baotintuc