ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យមន្ត្រីគណបក្សប្រជាជនខណ្ឌព្រែកព្នៅ យកចិត្តទុកដាក់មើលថែ សមាជិកបក្សនិងចុះមើលជីវភាពហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋានឱ្យបានល្អ

ចែករំលែក៖

ភ្នំពេញ៖  ឯកឧត្ដមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានជំរុញឱ្យ មន្ត្រីគណបក្សប្រ ជាជនយកចិត្តទុកដាក់មើលថែ សមាជិកបក្សនិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយត្រូវចុះពិនិត្យមើលទាំងជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅក្នុងមូលដ្ឋាន បើមានការខូចខាត ត្រូវជួសជុលស្តារឡើងវិញ។

  ការជំរុញបែបនេះរបស់ ឯកឧត្ដមឃួង ស្រេងបានធ្វើឡើងនាព្រឹកថ្ងៃទី៣០វិច្ឆិកា ២០២៤ ក្នុងកិច្ចប្រជុំប្រចាំខែគណបក្សចុះមូលដ្ឋានខណ្ឌព្រែកព្នៅនៅទីស្នាក់ការបក្សខណ្ឌនៅទីស្នាក់ការមន្ទីរគណបក្ស ខណ្ឌព្រែកព្នៅ។

  ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើឡើងថា៖ មន្ត្រីបក្សរបស់យើងទាំងអស់ត្រូវយកចិត្តទុកដាក់មើលថែសមាជិកបក្សនិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពោលគឺនៅពេលពួកគាត់មានបញ្ហាអ្វីមួយត្រូវដោះស្រាយជួយពួកគាត់ភ្លាម ដូចជាការដោះស្រាយបញ្ហាទឹកលិចនិងការផ្តល់ស្បៀងអាហារជាដើម។ បន្ថែមពីនេះ មន្ត្រីបក្សរបស់យើងក៏ត្រូវចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានផងដែរ ទាំងប្រឡាយទឹក លូទឹក ផ្លូវ បង្គោលភ្លើងបំភ្លឺសាធារណៈជាដើម បើមានការខូចខាត ត្រូវជួសជុលស្តារឡើងវិញ។ មន្ត្រីបក្សរបស់យើងត្រូវពង្រឹងប្រព័ន្ធផ្សព្វផ្សាយអោយបានខ្លាំងក្លានិងវាយបកអោយបានទាន់ពេលវេលា ពិសេសប្រសាសន៍ថ្នាក់ដឹកនាំប្រទេស ត្រូវបន្តផ្សព្វផ្សាយភ្លាមៗដើម្បីអោយសមាជិកនិងប្រជាពលរដ្ឋបានទទួលព័ត៌មានភ្លាមៗ។

មិនមែន គណបក្សប្រជាជនកម្ពុជាឈ្នះនៃការបោះឆ្នោតផ្លូកទឹកផ្លូកដីហើយ លែងដៃចោលនោះទេ។ ត្រូវក្តាប់អោយបានពីចលនារបស់បក្សប្រឆាំងជ្រុលនិយម និងក្តាប់សន្តិអារម្មណ៍ប្រជាពលរដ្ឋអោយបាន ហើយជម្រាបពួកគាត់អោយបានយល់ជាមួយការផ្តល់ក្តីសង្ឃឹមជូនពួកគាត់ ពិសេសចលនាពួកគាត់អោយបានយល់ច្បាស់ពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 ឯកឧត្ដមឃួង ស្រេង បន្តថា គណបក្សប្រជាជនកម្ពុជាត្រូវទទួលបានជ័យជំនៈរហូត ដើម្បីអោយប្រទេសកម្ពុជារក្សាបានសន្តិភាព ដែលជាឱកាស អភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចំរើន ពិសេសសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ប្រែក្លាយកម្ពុជា មានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។

    លោកធឹម សំអាន សមាជិក គណៈកម្មាធិកា រគណបក្ស រាជធានីភ្នំពេញ និងជាប្រធាន គណៈកម្មាធិកា រគណបក្ស ខណ្ឌព្រែកព្នៅ ក្នុងឱកាសនោះ ក៏បានរាយការណ៍ពីរចនាសម្ព័ន្ធ គណបក្សខណ្ឌ ដែលមាន សាខាបក្សសង្កាត់ចំនួន៥និងសាខាភូមិចំនួន៦៩។ បានចលនា កសាងសមាជិកបក្សថ្មីបានចំនួន៦១នាក់។

   លោកបន្តថា៖ នារដូវវស្សាកន្លងមកនេះមានសង្កាត់មួយចំនួននៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅបានទទួលរងនូវការជន់លិចដោយជំនន់ទឹកភ្លៀង ដែលហូរមកពីខេត្តកំពង់ស្ពឺ តែបញ្ហានេះយើងបានចាត់វិធានការភ្លាមៗ ជាមួយនិងការចុះជួប សួរសុខទុក្ខនិងយកអំណោយទៅចែកជូនពួកគាត់៕

ដោយ ៖ សំរិត


ចែករំលែក៖