ព័ត៌មានទាន់ហេតុការណ៍៖

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹក ទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

 សមត្ថកិច្ចប្រាប់ថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សោ ផា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្តីពីករណីធ្វើឲ្យខូចខាតដោយចេតនា(គប់កញ្ចក់រថយន្ត) ប្រព្រឹត្តកាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំណុចផ្លូវលំ ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ក្រោយពីទទួលពាក្យបណ្ដឹងរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង១៣ និង៣០នាទី ថ្ងៃខែឆ្នាំដដែល បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ឈ្មោះ កុក គា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ នៅចំណុច ភូមិភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ រួមទាំងដកហូតវត្ថុតាង ដុំថ្ម ចំនួន០១ដុំ បញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីធ្វើការសួរនាំ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។ 

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានគប់កញ្ចក់ឡានរបស់ជនរងគ្រោះពិតប្រាកដមែន ដោយសារតែមួម៉ៅឈ្លោះគ្នាជាមួយប្អូន។ ហើយខ្លួនក៏ធ្លាប់ជាប់មណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ ជាង០៣ខែ ដែរ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងធ្លាប់ជាប់ពន្ធនាគាររយៈពេលជាង០២ឆ្នាំ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ។ 

  ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ 

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ ៖ វណ្ណា


ចែករំលែក៖