ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ ៖ ខ្ញុំសូមអំពាវនាវដល់ អ្នកច្បាប់ តុលាការគ្រប់ជាន់ថ្នាក់ យក «ច្បាប់ស្តីពីរបបសារព័ត៌មាន» ធ្វើជាមូលដ្ឋានសម្រាប់ការដោះស្រាយចំពោះករណី អ្នកកាសែត អ្នកសារព័ត៌មាន

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីគណៈរដ្ឋមន្រ្តី និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការរបស់លោកថា ៖  ខ្ញុំសូមអំពាវនាវដល់ អ្នកច្បាប់ តុលាការគ្រប់ជាន់ថ្នាក់ យក «ច្បាប់ស្តីពីរបបសារព័ត៌មាន» ធ្វើជាមូលដ្ឋានសម្រាប់ការដោះស្រាយចំពោះករណី អ្នកកាសែត អ្នកសារព័ត៌មាន ។ 

លោក ហ៊ុយ វណ្ណៈ បន្តថា ៖ សូមជូនបងប្អូន អ្នកកាសែត អ្នកសារព័ត៌មាន ជាទីរាប់អាន! 

ក្នុងករណីដែល បងប្អូន មានក្តីក្តាំនៅតុលាការ គួរស្វែងរកការពិគ្រោះយោបល់ជាមួយ សមាគមកាសែត និងមេធាវី ដើម្បីទទួលបានមតិយោបល់ សម្រាប់ជាមូលដ្ឋានយកទៅដោះស្រាយការចោទប្រកាន់នានា ស្របតាមទិដ្ឋភាពច្បាប់ និងសន្តិវិធី។ ជាមួយគ្នានេះ សារជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់ អ្នកច្បាប់ តុលាការគ្រប់ជាន់ថ្នាក់ យក «ច្បាប់ស្តីពីរបបសារព័ត៌មាន» ធ្វើជាមូលដ្ឋានសម្រាប់ការដោះស្រាយចំពោះករណី អ្នកកាសែត អ្នកសារព័ត៌មាន។ យើងត្រូវហ៊ានទទួលស្គាល់ថា បញ្ហាអយុត្តិធម៌សង្គមខ្លះដែលមិនត្រូវបានអើពើ គឺប្រជាជនពិតជាគ្មានជម្រើសអ្វីក្រៅតែពឹងអ្នកកាសែតឱ្យជួយផ្សាយ ដើម្បីបានជ្រាបដល់ថ្នាក់ដឹកនាំជាតិរបស់យើង។ យើងមិនចង់ឃើញបរិយាកាសមួយនៃការប្រើប្រាស់ច្បាប់ បម្រើឱ្យគោលដៅ បិទមាត់ បិទភ្នែក បិទត្រចៀក អ្នកសារព័ត៌មាននោះទេ។ បើច្បាប់ស្តីពីរបបសារព័ត៌មាន មិនត្រូវបានប្រើប្រាស់ចំពោះករណី អ្នកកាសែត អ្នកសារព័ត៌មាន តើចាំបាច់បង្កើតច្បាប់នេះមកធ្វើអ្វី? 

ដោយសេចក្តីស្រឡាញ់រាប់រាន 

និងដើម្បីសង្គមកម្ពុជា មានសុខដុមរមនា!

ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក. ៕

ដោយ ៖ សិលា


ចែករំលែក៖