ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន លើជនត្រូវចោទចំនួន ៣នាក់ ដែលជាក្រុមក្មេងទំនើងឈ្មោះផ្ទះម៉ាពោធិ៍ចិនតុង(HMA) ពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស ។
យោងតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧៦៩៦ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស ដែលមានជនត្រូវចោទ មានខ្លួនចំនួន ៣នាក់ គឺ ១.ឈ្មោះ ហាក់ ម៉េងហៀង ភេទប្រុស អាយុ ១៧ឆ្នាំ ២.ឈ្មោះ ជុំ បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ ៣.ឈ្មោះ អុល ដេវីត ភេទប្រុស អាយុ ១៧ឆ្នាំ និងជនត្រូវចោទចំនួន ៤នាក់ទៀត កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវលេខ១១៣K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើស ព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២៧ មាត្រា ៣៥៣ និងមាត្រា ៣៥៧ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា ចំពោះករណីនេះ បង្កឡើងដោយក្មេងទំនើង ឈ្មោះក្រុមផ្ទះម៉ាពោធិ៍ចិនតុង(HMA) មានគ្នាចំនួន ៨នាក់ បានជិះម៉ូតូចំនួន ៤គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទ ជនជាតិចិនចំនួន ២នាក់ តែមិនបានសម្រេច បន្ទាប់មកក្រុមក្មេងទំនើងខាងលើ ក៏បានធ្វើសកម្មភាពម្តងទៀត ដោយឆក់ទូរស័ព្ទនារីជនជាតិចិនចំនួន ១នាក់ផ្សេងទៀត តែមិនបានសម្រេច។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង ៣នាក់ ដូចបានបញ្ជាក់ខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
ចំពោះសកម្មភាពរបស់ក្មេងទំនើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ តុលាការបាន និងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹង៕
ដោយ៖ តារា