ព័ត៌មានទាន់ហេតុការណ៍៖

លោកអធិការ​នគរបាល​ខណ្ឌ​បឹងកេងកង​៖​ ចុះត្រួតពិនិត្យ​អគារមួយកន្លែងផ្លូវលេខ១៤៣ កែងផ្លូវលេខ៣០៤ សង្កាត់បឹងកេងកងទី២ ក្រោយសង្ស័យបង្កប់លួចលាក់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការខណ្ឌបឹងកេងកង​ បានឱ្យដឹង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​នៅរសៀលថ្ងៃទី​០៤​ ខែធ្នូ​ ឆ្នាំ​២០២៤នេះថា៖​ បន្ទាប់ពីមានការផ្សាយព័ត៌មានថា អគារមួយកន្លែង សង្ស័យបង្កប់លួចលាក់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១៤៣ កែងផ្លូវ ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។

  លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត បន្តថា ជាក់ស្ដែង​កាលពីព្រឹកមិញនេះ​ លោកបានបញ្ជាឱ្យជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចុះទៅពិនិត្យជាក់ស្តែងដល់ទីតាំងនោះផ្ទាល់។​ នៅពេលចុះត្រួតពិនិត្យគ្រប់ជាន់នៃអគារ មិនមានសម្ភារៈឬឧបករណ៍បម្រើលើសកម្មភាពប្រព្រឹត្តបទល្មើសល្បែងអនឡាញខុសច្បាប់នោះទេ ហើយសម្រាប់ម៉ូតូជុំវិញទីតាំងនោះគឺ សន្តិសុខយាមទីតាំងទទួលផ្ញើម៉ូតូពីប្រជាពលរដ្ឋតែប៉ុណ្ណោះ។

លោកអធិការ​ខណ្ឌរូបនេះ​ បានឱ្យដឹងទៀតថា​ ខណៈនោះកិច្ចក៏បានណែនាំអប់រំដល់អ្នកគ្រប់គ្រងអគារខាងលើ មិនអនុញ្ញាតឲ្យមានសកម្មភាពលួចលាក់ប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់នោះទេ។ប្រសិនមានសកម្មភាពបទល្មើសល្បែងខុសច្បាប់សមត្ថកិច្ចនិងធ្វើការបង្រ្កាប៕

ដោយ​៖ តារា​


ចែករំលែក៖