ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវដែលហុយទ្រលោមនៅរដូវប្រាំង និងរដូវវស្សាមានភក់ល្បាប់ត្រូវសម្តេចតេជោឲ្យអាជ្ញាធរជួសជុល

ចែករំលែក៖

ភ្នំពេញ៖ ផ្លូវមួយខ្សែស្ថិតនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលនៅរដូវប្រាំង ហុយទ្រលោមមើលគ្នាមិនឃើញនិងរដូវ វស្សាមានភក់ល្បាប់ពិបាកធ្វើដំណើរនោះត្រូវ បានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រេចដកចេញពីគម្រោងដៃគូអភិវឌ្ឍន៍របស់ធនាគារពិភពលោកមកឲ្យអាជ្ញាធរជួសជុលសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្នរង់ចាំការអភិវឌ្ឍបន្ត ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រីកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ បានសម្រេចដក ផ្លូវមួយខ្សែដែលជាគម្រោងដៃគូអភិវឌ្ឍន៍ របស់ធនាគារពិភពលោកដែលមានភាពយឺតយ៉ាវក្នុងការសាងសង់ប្រគល់មកឲ្យអាជ្ញាធរខេត្តកំពង់ចាមសាងសង់វិញដើម្បីជាការឆ្លើយតបតាមសំណើរបស់អ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ LE Moon ដែលបាន Comment ចូលនៅក្នុងផេកហ្វេសប៊ុក របស់សម្ដេច ។

សម្តេចតេជោបានបញ្ជាក់ក្នុងបណ្តាញទំនាក់ទំនងសង្គមឆ្លើយតបទៅនឹងម្ចាស់ គណនីហ្វេសប៊ុកឈ្មោះ LE Moon យ៉ាង ដូច្នេះថា «ខ្ញុំសូមអភ័យទោសផងដែរដោយ គម្រោងនេះគឺជាគម្រោងដៃគូរបស់ធនាគារ ពិភពលោកដែលមានការយឺតយ៉ាវ។ ថ្ងៃនេះ ខ្ញុំបានពិភាក្សាជាមួយអភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញ ហើយបានសម្រេច ដកយកផ្លូវនេះមកឲ្យខេត្តធ្វើវិញដែលនឹងមានអ្នកជំនាញចុះសិក្សាថា នឹងចាក់បេតុង ឬចាក់កៅស៊ូជូនបងប្អូនប្រជាពលរដ្ឋ និង កូនក្មួយបានប្រើប្រាស់នៅក្នុងពេលឆាប់ៗខាងមុខនេះ» ។

ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុកឈ្មោះ LE Moon បានសរសេរនៅក្នុង Comment របស់សម្តេច ថា «យើងគឺជាប្រជាជនដែលរស់នៅក្នុង ភូមិឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ ចាមចង់ស្នើសុំឲ្យសម្ដេចកសាងផ្លូវនេះជាថ្មីដោយសារតែយើងមានការលំបាកក្នុង ការទៅស្រុកកំណើតទាំងរដូវវស្សា ឬរដូវ ប្រាំង ព្រោះថាផ្លូវនេះយើងត្រូវធ្វើដំណើរទៅជួបឪពុក ម្ដាយ ជីដូន ជីតា ។ ខ្ញុំសង្ឃឹម ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីជួយ» ។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ LE Moon បានសរសេរបន្ដថា «សូមសម្តេចមេត្តាជួយ សាងសង់ផ្លូវឲ្យកូនចៅផងពីព្រោះអីផ្លូវនេះពិបាកណាស់មិនទាន់បានអភិវឌ្ឍទេពិបាក ទាំងរដូវប្រាំង និងរដូវវស្សារ ផ្លូវនេះពិបាកតាំងពីខ្ញុំកើតមករហូតដល់សព្វថ្ងៃ» ។

ជាការឆ្លើយតបសម្ដេចតេជោបាន លើកឡើងថា «ខ្ញុំសូមអភ័យទោសផងដែរ ដោយគម្រោងនេះជាគម្រោងដៃគូរបស់ធនាគារពិភពលោកដែលមានការយឺតយ៉ាវ»។ សម្ដេចបន្ដថា «ថ្ងៃនេះខ្ញុំបានពិភាក្សាជាមួយ អភិបាលខេត្តកំពង់ចាម និងមន្រ្តីជំនាញ ហើយបានសម្រេចដកយកផ្លូវនេះមកឲ្យខេត្តធ្វើវិញដែលនឹងមានអ្នកជំនាញចុះ សិក្សាថា នឹងចាក់បេតុងឬចាក់កៅស៊ូជូន បងប្អូនប្រជាពលរដ្ឋនិងកូនក្មួយបានប្រើប្រាស់នៅក្នុងពេលឆាប់ៗខាងមុខនេះ»។

សម្ដេចតេជោបានអរគុណដល់ម្ចាស់ គណនីហ្វេសប៊ុកឈ្មោះ LE Moon ដែល បានព្យាយាមម្តងហើយម្តងទៀតដាក់ សំណូមពរនេះមកកាន់ផេកហ្វេសប៊ុករបស់ សម្តេចដើម្បីដោះស្រាយបញ្ហាជូនប្រជា ពលរដ្ឋនៅមូលដ្ឋានរបស់គេ ។

សកម្មភាពទាំងនេះបានបង្ហាញពីប្រសិទ្ធ ភាពរបស់ប្រជាពលរដ្ឋដែល Comment ចូលនៅលើផេកហ្វេសប៊ុករបស់សម្តេច តេជោ ហ៊ុន សែន ដែលនេះកាន់តែបង្ហាញ ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្ត ទុកដាក់ដល់ប្រជាពលរដ្ឋដែលមានភាពលំបាក ៕ ហេង សូរិយា

ses

 

 


ចែករំលែក៖