ភ្នំពេញ៖ បុរស៦នាក់ចូលផឹកស៊ីស្រវឹង ស្រាខឹងគិតលុយលើសតម្លៃបាកាសមួយកំប៉ុងចេញមកវិញរកវាយអ្នកផ្ញើម៉ូតូបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ នឹង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅតាម បណ្តោយផ្លូវ២១៧ នៅចំណុចភោជនីយ ដ្ឋានសម្រស់បុប្ផាស្ពានដែក ស្ថិតនៅ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សាក្សីសុំមិនបញ្ចេញឈ្មោះម្នាក់បាន ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរស៦នាក់ចូលទៅផឹកស៊ីនៅក្នុងភោជ នីយដ្ឋានសម្រស់បុប្ផាស្ពានដែកតាំងពីម៉ោង ៩យប់រហូតដល់ម៉ោងកើតហេតុខាងលើ ពួកគេស្រវឹងស្រាទាំងអស់គ្នាក៏បានហៅ ឲ្យគេមកគិតលុយ។ ដល់ពេលដែលគិតលុយហើយបុរសទាំងនោះក៏ពិនិត្យមើលនៅក្នុងក្រដាសគិតលុយឃើញគិតលុយលើសថ្លៃបាកាសមួយកំប៉ុង ព្រោះពួកគេទាំង៦នាក់នោះមិនបានផឹកភេសជ្ជៈបាកាស ផងបែរជាគិតលុយទៅវិញ។ ពេលនោះ ពួកគេបាននាំគ្នាគិតលុយឲ្យ រួចហើយក៏ បាននាំគ្នាចេញក្រៅគោលបំណងត្រឡប់ទៅផ្ទះវិញនៅជិតស្ពានដែកនោះដែរ។ ប៉ុន្តែ ខណៈដែលបុរសទាំង៦នាក់នោះចេញមកយកម៉ូតូនៅកន្លែងផ្ញើម៉ូតូ ឃើញអ្នកផ្ញើម៉ូតូយកច្រវាក់ចាក់សោម៉ូតូក៏ត្រូវជនបង្កយកសោនោះទៅរកវាយអ្នកផ្ញើម៉ូតូធ្វើឲ្យមានការប្រតាយប្រតប់គ្នាទៅវិញទៅមក។ បើតាមសម្តីភាគីអ្នកផ្ញើម៉ូតូវិញប្រាប់ តបវិញថា ពួកគាត់មិនចង់មានរឿងច្រើន នោះទេ សុំតែសុខតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានមកដល់ និងបានឲ្យភាគីទាំង សងខាងសម្របសម្រួលគ្នាដោយឲ្យបុរស៦នាក់បញ្ចប់រឿងប៉ុណ្ណឹងទៅ ហើយត្រឡប់ ទៅផ្ទះរៀងខ្លួន៕ សហការី